(ភ្នំពេញ)៖ ក្រុមនិស្សិតប្រមាណ១០០នាក់ មកពីសាកលវិទ្យាល័យនានា គ្រោងនឹងលើកគ្នាទៅតវ៉ានៅក្នុងវេទិកាសាធាណៈ របស់គណបក្សសង្រ្គោះជាតិ នៅខេត្តព្រះសីហនុ នាព្រឹកស្អែកនេះ ដើម្បីទាមទារឱ្យ លោក កឹម សុខា ចេញមុខបកស្រាយអំពីសំឡេងខ្សែអាត់ ដែលនាំឱ្យផ្ទុះរឿងអាស្រូវស្នេហាជុំវិញខ្លួនលោក។
លោក ប៉េង ភិរេន តំណាងឱ្យក្រុមនិស្សិតទាំងនោះ បានអះអាងប្រាប់ Fresh News ថា ក្រុមយុវនិស្សិតនឹងជំរុញឱ្យ លោក កឹម សុខា បកស្រាយថា «ពិត ឬមិនពិត» ជុំវិញសំឡេងខ្សែអាត់នោះ ហើយលោកនឹងជាអ្នកសួរសំណួរទៅកាន់លោក កឹម សុខា ដោយផ្ទាល់។
លោក ភិរេន ថា «ខ្ញុំនឹងទៅសួរគាត់នៅក្នុងវេទិកានោះតែម្តង ហើយយើងនឹងកាន់ក្បាលមេក្រូនិយាយម្នាក់មួយ ...យើងមិនខ្លាចការប៉ះទង្គិចទេ ហើយយើងមិនទៅប្រព្រឹត្តហិង្សា អត់ទៅជេរ អត់មានកាន់ដំបងទេ គឺទៅដោយដៃទទេទាំងអស់ កាន់តែក្រដាសទេ គឺសុំឱ្យគាត់ឆ្លើយ»។
រយៈពេលជិត១សប្តាហ៍កន្លងទៅនេះ រឿងអាស្រូវរបស់លោក កឹម សុខា បានផ្ទុះឡើងជាថ្មី នៅលើបណ្តាញសង្គម Facebook និងសារព័ត៌មាន បន្ទាប់ពីមានការបែកធ្លាយសំឡេងសាងសងស្នេហាមួយ រវាងបុរសម្នាក់ដែលគេជឿថា ជាសម្លេងរបស់លោក កឹម សុខា ជាមួយនារីវ័យក្មេងឈ្មោះ «ស្រីមុំ» ដែលគេសង្ស័យថាជាស្រីកំណាន់។ តាមសំឡេងខ្សែអាត់នោះបង្ហាញថា ភាគីខាង បានណាត់នារីវ័យក្មេងម្នាក់ ដែលគេទៅដើរលេងនៅក្រៅប្រទេស និយាយអំពីរឿងលើគ្រែ ព្រមទាំងមានការផ្តល់លុយជូនស្រីកំណាន់ផងដែរ ។
កាលពីម្សិលមិញ ក្រោយកិច្ចប្រជុំថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ទាំង២៥ រាជធានី-ខេត្ត នៅស្នាក់ការគណបក្សសង្រ្គោះជាតិ លោក កឹម សុខា និងមន្រ្តីគណបក្សសង្រ្គោះជាតិ បានព្យាយាមមិនបកស្រាយ ជុំវិញការផ្ទុះរឿងអាស្រូវស្នេហាតាមរយៈខ្សែអាត់សំឡេង ដែលគេបង្ហោះនៅលើទំព័រ Facebook ។ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានបដិសេធមិននិយាយអ្វីសោះ នៅចំពោះមុខអ្នកសារព័ត៌មាន ដែលរង់ចាំសម្ភាសន៍រូបលោក ខណៈដែល លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកមិនជជែកវែកញែកជុំវិញរឿងខ្សែអាត់សំឡេងនេះនោះទេ ហើយចាត់ទុកថា ការលេចចេញនូវខ្សែអាត់សំឡេងនោះ គឺជារឿងខុសនឹងមូលដ្ឋានច្បាប់។
ទោះជាយ៉ាងនេះក្តី លោក ប៉េង ភិរេន តំណាងឱ្យក្រុមនិស្សិត បានលើកឡើងថា សំឡេងដែលគេសង្ស័យថា ជាលោកកឹម សុខានោះ មានលក្ខណៈប៉ះពាល់ដល់ផ្លូវច្បាប់ និងសីលធម៌សង្គម ដូចជាការនិយាយឱ្យភាគីស្រ្តីនោះការពារ នៅពេលដែលនាងនិយាយថាចង់ចាញ់ (កូន) ការលួចមានទំនាក់ទំនងផ្លូវភេទជាមួយនារីដទៃជាដើម។
ទោះជាយ៉ាងនេះក្តី ចំពោះរឿងនេះ Fresh News មិនទាន់អាចទំនាក់ទំនងតាមទូរស័ព្ទ និងអ៉ីម៉ែល សុំការឆ្លើយតបពីលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បាននៅឡើយទេ៕