(កំពង់ឆ្នាំង)៖ ប្រតិបត្តិការចាក់វ៉ាក់សាំងកូវីដ១៩ ជូនអតីតយុទ្ធជន និងគ្រួសារជាង ៨ម៉ឺននាក់កំពុងដំណើរការនៅទូទាំង២៥រាជធានី-ខេត្ត។ ដំណើរការចាក់វ៉ាក់សាំង បានចាប់ផ្តើមធ្វើឡើងនៅថ្ងៃទី០៨ ខែមេសា ដែលមកដល់ថ្ងៃទី១០ ខែមេសា ចាក់បានប្រមាណជា ១ម៉ឺននាក់ហើយ។
លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន បានអញ្ជើញចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងកូវីដ១៩នេះ ពីខេត្តមួយទៅខេត្តមួយជាបន្តបន្ទាប់ ដើម្បីធានាថាការចាក់ថ្នាំធ្វើបានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល និងបានតាមផែនការកំណត់។
នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានចុះពិនិត្យការចាក់វ៉ាក់សាំងកូវីដ១៩ ជូនអតីតយុទ្ធជននៅក្នុងខេត្តកំពង់ឆ្នាំង។ ក្រៅតែពីពិនិត្យការចាក់វ៉ាក់សាំងទៅ លោកទេសរដ្ឋមន្ត្រី ក៏បានសំណេះសំណាលជាមួយអតីតយុទ្ធជនទៅចាក់វ៉ាក់សាំងនោះផងដែរ។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានជម្រាបជូនអតីតយុទ្ធជន ពីគុណតម្លៃវ៉ាក់សាំង និងកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ពីការប្រឹងប្រែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ ដើម្បីការពារសុខភាព និងជីវិតពីជំងឺកូវីដ១៩។
សេនាធិការផ្ទាល់របស់សម្តេចេជោ លើការងារអតីតយុទ្ធជន លោក គន់ គីម បានគូសបញ្ជាក់ថា វ៉ាក់សាំងកូវីដ១៩ ជាឧបករណ៍ថ្មីមួយបន្ថែមទៀតលើវិធានការសុខាភិបាលដែលមានស្រាប់ សម្រាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងសង្គ្រោះជីវិតមនុស្ស ដោយជួយបុគ្គលមិនឱ្យឈឺធ្ងន់នៅពេលឆ្លងជំងឺកូវីដ១៩ និងកាត់បន្ថយការព្យាបាលនៅមន្ទីរពេទ្យ។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានគូសបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងប្រឹងប្រែងរកវ៉ាក់សាំងឱ្យបានជាង ១០លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋនៅក្នុងឆ្នាំ២០២១នេះ។
លោកទេសរដ្ឋមន្ត្រី បានលើកឡើងដូច្នេះ «បងប្អូនដឹងទេបច្ចុប្បន្ននេះវ៉ាក់សាំងកំពុងមានទីផ្សារខ្ពស់ណាស់ ត្រូវការចាំបាច់ណាស់ចំពោះមនុស្សជាតិលើពិភពលោក។ តែពលរដ្ឋកម្ពុជា និងអតីតយុទ្ធជនយើងមានសំណាងណាស់ ដែលមានសម្តេចតេជោ ជាមេដឹកនាំ ហើយលោកបានស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនពួកយើង។ មានវ៉ាក់សាំង គឺយើងមានកងការពារមួយយ៉ាងរឹងមាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩»។
លោកទេសរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់អតីតយុទ្ធជន ដែលត្រូវចាក់វ៉ាក់សាំង ត្រូវរូតរះមកចាក់វ៉ាក់សាំងឱ្យបានតាមពេលវេលាកំណត់។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានគូសបញ្ជាក់ថា តាមរយៈការសាកសួរ និងការពិនិត្យផ្ទាល់របស់លោកអតីតយុទ្ធជន ដែលអញ្ជើញទៅចាក់វ៉ាក់សាំង សុទ្ធតែត្រេកអរចំពោះការចាក់វ៉ាក់សាំង និងអរគុណសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានផ្តល់អាទិភាពជូនពួកគាត់។
«បងប្អូនអតីតយុទ្ធជនយើងលោកភាគច្រើនបានយល់ពីសារសំខាន់វ៉ាក់សាំង ក្នុងការការពារសុខភាព និងអាយុជីវិតពីជំងឺកូវីដ១៩។ ដូច្នេះពួកគាត់រីករាយនឹងការចាក់វ៉ាក់សាំងនេះ ហើយពួកគាត់អរគុណសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលលោកទាំងពីរតែងតែយកចិត្តទុកដាក់ និងគិតគូរជាអាទិភាពសម្រាប់បងប្អូនអតីតយុទ្ធជន»។ នេះជាការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី គន់ គីម។
ក្នុងដំណើរចុះពិនិត្យការចាក់វ៉ាក់សាំងនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានដាស់តឿន និងក្រើនរំលឹកដល់អតីតយុទ្ធជន ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ដែលបានចាក់វ៉ាក់សាំងហើយ មិនត្រូវទម្លាក់ចោលវិធានការនានារបស់ក្រសួងសុខាភិបាលក្នុងការការពារជំងឺកូវីដ១៩នោះឡើយ។ ជាពិសេសត្រូវគោរពអនុវត្តតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន ៣កុំ (កុំចាប់ដៃ កុំចូលបន្ទប់បិទជិត កុំទៅកន្លែងជួបជុំ កុះករ) និង៣ការពារ (ពាក់ម៉ាស់ លាងដៃជាមួយសាប៊ូ ចែល អាល់កុល និងរក្សាគម្លាតចាប់ពី១.៥ម៉ែត្រឡើងទៅ)៕