(សៀមរាប)៖ ក្រោយពីប្រកាសដាក់ឲ្យអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ហាមការធ្វើដំណើរចាប់ពីម៉ោង ៨យប់ ដល់ម៉ោង៥ភ្លឺរយៈពេល១៤ថ្ងៃ ពីថ្ងៃទី១០ ដល់ទី២៣ ខែមេសា នោះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំគោលដៅចំនួន៦ សម្រាប់អនុវត្តវិធានការនេះ។
គោលដៅចំនួន៦ ដែលនឹងចាប់ផ្តើមអនុវត្តវិធានការជាបណ្ដោះអាសន្ននេះ រួមមាន៖ គោលដៅផ្លូវបំបែកនាគបាញ់ទឹក(ផ្សារចាស់), គោលដៅស្តុបគ្រួស, គោលដៅស្តុបសុខាអង្គរ, គោលដៅស្តុបមន្ទីរពេទ្យជ័យវរ្ម័នទី៧ (ស្ពាននាគ), គោលដៅស្តុបកោះកេរ្តិ៍ និងគោលដៅស្តុបផ្លូវតាណឺយ។
តាមការរបាយការណ៍របស់រដ្ឋបាលខេត្ត គោលដៅទាំង៦ នឹងប្រើប្រាស់កម្លាំងនគរបាលចរាចរណ៍ខេត្ត និងរថយន្តមួយគ្រឿងចល័ត ត្រួតពិនិត្យតាមដងផ្លូវផ្សេងៗក្នុងភូមិសាស្រ្តក្រុងសៀមរាប។ គោលដៅតាមដងផ្លូវនឹងធ្វើការត្រួតពិនិត្យទៅលើអ្នកដំណើរដែលមិនមានភារកិច្ច ឬការចាំបាច់តាមការកំណត់ ដោយណែនាំឲ្យពួកគាត់វិលត្រឡប់ចូលទៅលំនៅដ្ឋានរៀងៗខ្លួនវិញ។
បន្ថែមពីនេះ កម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ចុះត្រួតពិនិត្យនិងអនុវត្តតាមខ្លឹមសារសេចក្តីសម្រេច ចំពោះទីតាំងណាដែលមិនគោរពតាមកំណត់របស់រដ្ឋបាលខេត្ត។ ចំពោះអធិការដ្ឋាននគរបាលស្រុកចំនួន១១ទៀត ត្រូវអនុវត្តតាមផែនការនេះ ហើយសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាល និងត្រូវកំណត់គោលដៅត្រួតពិនិត្យ បិទបម្រាមគោចរ ចាប់ពីម៉ោង ២០៖០០នាទី ដល់ម៉ោង ៥៖០០នាទីព្រឹក ទៅតាមភូមិសាស្រ្តជាក់ស្តែងរៀងៗខ្លួន៕