(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសសាខាសមាគមអតីតយុទ្ធជនកម្ពុជា រួមជាមួយក្រុមការងារ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ បានបើកយុទ្ធនាការដំណើរការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ជូនអតីតយុទ្ធជនកម្ពុជា នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។
ស្ថិតក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បានសំដែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានប្រឹងប្រែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ ក៏ដូចជាអតីតយុទ្ធជន ក្នុងខេត្តកំពង់ចាម។
លោក អ៊ុន ចាន់ដា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រជាពលរដ្ឋ និងអតីតយុទ្ធជនយើងមានសំណាងណាស់ ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជាមេដឹកនាំប្រកបដោយគតិបណ្ឌិត ហើយសម្តេចតេជោ លោកបានស្វះស្វែងរកវ៉ាក់សាំង មកចាក់ជូនពួកយើងគ្រប់ៗគ្នា»។
លោកអភិបាលខេត្តបន្តថា មានវ៉ាក់សាំង គឺយើងមានកងការពារមួយយ៉ាងរឹងមាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏ប៉ុន្តែទោះបីជាយើងបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួចហើយក្តី ក៏ត្រូវតែចូលរួមអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួនផងដែរ៕