(ឧត្តរមានជ័យ)៖ ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកនូវគ្រឿងឧបភោគបរិភោគ រួមទាំងថវិកា ដែលជាអំណោយរបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ប៉ែន កុសល្យ ប្រធានគណៈបញ្ជាការឯកភាព ខេត្តឧត្តរមានជ័យ ចែកជូនកងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៧០២,៩០៥ កម្លាំងអន្តរាគមន៍ និងតម្រួតបទបញ្ជាចំណុះស្នងការដ្ឋាននគរបាលខេត្ត។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការ ក៏បានពាំនាំនូវមតិផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងលោក ប៉ែន កុសល្យ ដល់កងកម្លាំងទាំងអស់ ដែលកំពុងតែបំពេញបេសកកម្មការពារតាមព្រំដែន ក៏ដូចជាកំពុងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ នៅទូទាំងខេត្តឧត្តរមានជ័យ ទាំងមូល។
លោកឧត្តមសេនីយ៍ទោ ហួត សុធី ក៏បានណែនាំដល់កងកម្លាំងនគរបាលទូទាំងខេត្ត ត្រូវមានការប្រុងប្រយ័ត្នគ្រប់ពេលវេលា ដើម្បីជៀសអោយផុតពីជំងឺកូវីដ-១៩ ពិសេសត្រូវគោរពអនុវត្តអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នូវវិធាnការ «៣ការពារ និង៣កុំ» ក៏ដូចជាការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារកុំឱ្យឆ្លងជំងឺកូវីដ-១៩។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ទោ ក៏បានផ្តាំផ្ញើរដល់កងកម្លាំងនគរបាលនៅតាមក្រុង ស្រុក ដែលមានព្រំប្រទល់ជាប់ជាមួយខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តព្រះវិហារ ត្រូវយកចិត្តទុកដាក់អនុវត្តន៍បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយ ទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ដើម្បីបង្ការការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ពិសេសត្រូវណែនាំឱ្យប្រជាពលរដ្ឋមានការយល់ដឹងពីគោលបំណងនៃបទបញ្ជារបស់រាជរដ្ឋាភិបាល និងណែនាំឱ្យពួកគាត់ចេះការពារខ្លួនពីជំងឺកូវីដ-១៩ ផងដែរ៕