(ឧត្ដរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យមើលគោលដៅបិទការធ្វើដំណើរឆ្លងខេត្ត នៅព្រំប្រទល់ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ និងស្រុកស្រីស្នំខេត្តសៀមរាប។
នៅក្នុងឱកាសនោះ លោក ប៉ែន កុសល្យ បានលើកឡើងថា ការបិទការធ្វើដំណើរចេញចូលពីខេត្តមួយ ទៅខេត្តមួយនាពេលនេះ ដោយអនុវត្តតាមសេចក្ដីសម្រេចលេខ៤៤ ស.ស.រ របស់រាជរដ្ឋាភិបាលស្ដីពី ការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសជាបណ្ដោះ អាសន្នដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ រយៈពេល១៤ថ្ងៃ ពិសេសការកាត់ផ្តាច់ខ្សែចម្លងក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» តាមរយៈការការចរាចរណ៍ពីតំបន់មួយ ទៅកាន់តំបន់មួយទៀត ពីតំបន់ដែលមានហានិភ័យខ្ពស់ មកកាន់មូលដ្ឋានរបស់យើង។
លោកអភិបាលខេត្ត បានបន្តថា ចំពោះការបិទចរាចរណ៍នេះ គឺត្រូវបានអនុគ្រោះលើការធ្វើចរាចរណ៍ ចំពោះរថយន្តដឹកទំនិញ រថយន្តសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គីភ័យ រថយន្តមន្ត្រីរាជការសាធារណៈទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលចុះបំពេញបេសកកម្ម ឬមានលិខិតបញ្ជាក់ពីប្រធានអង្គភាព ឬរថយន្តអ្នកជំងឺដែលមានលិខិតបញ្ជាក់ពីមន្ទីរពេទ្យ។
លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ នៅក្នុងដំណាក់កាលនេះ ប្រសិនបើមិនមានការចាំបាច់ទេ សូមកុំចេញក្រៅផ្ទះឱ្យសោះ និងសូមផ្អាកការធ្វើដំណើរកំសាន្តនៅគ្រប់ទីកន្លែងទាំងអស់។ ម្យ៉ាងវិញទៀតនៅថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ សូមពុក ម៉ែ បងប្អូន លោកយាយ លោកតា ដែលមានបំណងយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅទីវត្តអារាម សូមប្រកាន់ខ្ជាប់នូវវិធានការរបស់រាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» ក៏ដូចជាវិធានការក្រសួងសុខាភិបាល ចូលរួមឱ្យបានខ្ជាប់ខ្ជួន ជាពិសេសការរក្សានូវគម្លាតសុវត្ថិភាពបុគ្គល ត្រូវពាក់ម៉ាស និងយកទឹកអាកល់ ឬជែល យកតាមខ្លួនជានិច្ច ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
នៅក្នុងឱកាសចុះត្រួតពិនិត្យនោះដែរ លោក ប៉ែន កុសល្យ ក៏បាននាំយកគ្រឿងឧបភោគ បរិភោគ ដែលមានដូចជា៖ អង្ករ ទឹកសុទ្ធ ភេសជ្ជៈ ម៉ាស ជែល និងថវិកា ១,០០០,០០០រៀល ឧបត្ថម្ភដល់កងកម្លាំងដែលកំពុងឈរជើងនៅតាមគោលដៅផងដែរ៕