(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ បានណែនាំដល់លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ចាត់ចែងចាក់វ៉ាក់សាំងជូនជនពិការ បុព្វជិតសាសនា និងប្រជាការពារ។
ការណែនាំយ៉ាងដូច្នេះ របស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសដែល សម្ដេចថ្លែងសារពិសេស ជូនជនរួមជាតិ ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «សូមលោកជំទាវ ឱ វណ្ណឌីន យកចិត្ដទុកដាក់ទៅលើជនពិការ ក្នុងអតីតយុវជន ក្រែងលោមានជនពិការខ្លះ មិនស្ថិតនៅក្នុងបញ្ជី [...] ដើម្បីចាក់ឲ្យជនពិការ ក្រៅពីនោះ បុព្វជិតសាសនា ក៏ត្រូវទទួលបានវ៉ាក់សាំង ហើយក៏ត្រូវមើលផងដែរ នូវប្រជាការពារ»។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់លោកស្រី ឱ វណ្ណឌីន និងអ្នកពាក់ព័ន្ធ ចាត់ចែងឲ្យអ្នកនៅក្នុងក្របខណ្ឌកងទ័ព និងមន្ត្រីរាជការស៊ីវិល ត្រូវតែទទួលបាន ការចាក់វ៉ាក់សាំងកូវីដ-១៩ ផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ចំនួនអ្នកដែលត្រូវ ទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងនោះ គឺរាជរដ្ឋាភិបាល មានវ៉ាក់សាំងគ្រប់គ្រាន់ សម្រាប់ចាក់ជូនពួកគាត់ ហើយចំពោះអ្នកមិនបានចាក់ ត្រូវតែមានការសួរនាំអំពីមូលហេតុ និងត្រូវមានការបញ្ជាក់ពីក្រុមគ្រូពេទ្យ។
នាពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសហើយថា នៅពេលខាងមុខ កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការ ដែលគេចវេស មិនចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ អាចនឹងត្រូវបាត់បង់ការងារតែម្តង។
សម្តេចតេជោ ហ៊ុន សែន ក៏បានព្រមានកុំឲ្យមានការឃុបឃិតគ្នា រវាងគ្រូពេទ្យ និងមន្រ្តីដែលមានចេតនាមិនចាក់វ៉ាក់សាំងផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា ដើម្បីចៀសវាងមានការឃុបឃិតរវាងគ្រូពេទ្យ និងអ្នកដែលមានចេតនា មិនចាក់វ៉ាក់សាំង គឺអ្នកចាក់ទាំងអស់ ត្រូវមានការបញ្ជាក់ ឲ្យបានជាក់លាក់ពីអង្គភាពជំនាញ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំលោកស្រី ឱ វណ្ណឌីន ចាត់ចែងចាក់វ៉ាក់សាំងជូនជនពិការ បុព្វជិតសាសនា និងប្រជាការពារផងដែរ។
បើតាមសម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នៅឆ្នាំ២០២១នេះ វ៉ាក់សាំងជាង១១លានដូស នឹងមកដល់ប្រទេសកម្ពុជា បើមិនមានអ្វីប្រែប្រួលទេនោះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា វ៉ាក់សាំង៥០ម៉ឺនដូស នឹងមកដល់ខែមេសា, ឧសភា១លាន ៥សែនដូស, មិថុនា ៣លានដូស, កក្កដា ២លានដូស និងខែសីហា ១លានដូស។
បើតាមរបាយការណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន គិតត្រឹមថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ទូទាំងប្រទេសសរុបចំនួន ៨៩៥,៣០៩នាក់។
* ក្រសួងសុខាភិបាល ចាក់បានចំនួន ៦៧៨,៤០៦នាក់
* ក្រសួងការពារជាតិ ចាក់បានចំនួន ២១៦,៩០៣នាក់៕