(បាត់ដំបង)៖ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តបាត់ដំបង ដឹកនាំដោយលោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ច័ន្ទ សុផល អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ បាននាំអំណោយ «ក្រឡាហោម មនុស្សធម៌បាត់ដំបង» ចុះសួរសុខទុក្ខកងនគរបាលជួរមុខវរការពារពំ្រដែនគោកទាំង៤ គឺវរសេនាតូច ៣១០,៨២៣, ៨១៩,៨១៧ ចំណុះឱ្យស្នងការដ្ឋានគរបាលខេត្ត នៅក្នុងបរិវេណវរសេនាតូច៣០១ ស្ថិតភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូតខេត្ត បាត់ដំបង។
លោក ច័ន្ទ សុផល បានសំណេះសំណាលជាមួយកងកម្លាំងជួរមុខទាំង៤ វរសេនាតូចបានលះបង់នៅឆ្ងាយពីក្រុមគ្រួសារ ក្នុងពេលបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ សូមឱ្យកងកម្លាំងក៏ដូចជាប្រជាពលរដ្ឋទាំងអស់នាំគ្នាចូលរួម និងការពារការរីករាលដាលឆ្លងជំងឺកូដ-១៩ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលជាប្រចាំ គឺអនុវត្ត «៣កុំ និង ៣ការពារ» និងនៅផ្ទះកុំចេញ ទៅឆ្ងាយបើមិនចាំបាច់ សូមធ្វើឱ្យបានល្អដើម្បីបញ្ចៀស និងបន្តការឆ្លងរោគនេះនៅតាមសហគមន៍។
លោក ខាន់ ម៉ាណេរ បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់កងកម្លាំងដែលបានបំពេញភារកិច្ចរបស់ខ្លួនបានល្អប្រសើ និងបន្តធ្វើកិច្ចការជាច្រើននេះបន្ថែមទៀត ពិសេសការងារការពារព្រំដែនគោក និងទប់ស្កាត់ការឆ្លងដែន ខុសច្បាប់ រឹតបន្តឹងពលករចេញចូលឆ្លងដែន ត្រូវត្រួតពិនិត្យឱ្យបានម៉ត់ចត់បំផុតទាំងការងារស្នូល និងការងារសង្គមផងដែរ។
លោក ខាន់ ម៉ាណេរ បានបន្តថា នៅបច្ចុប្បន្ន ប្រទេសយើង កំពុងរីករាលដាលជំងឺកូវីដ-១៩ នៅតាមទីក្រុង និងជនបទត្រូវនាំគ្នា ទប់ស្កាត់ការឆ្លងជំងឺនេះបន្តទៀត។ ដោយឡែកខេត្តបាត់ដំបង បច្ចុប្បន្ននេះ ពុំទាន់មានការឆ្លងធ្ងន់ធ្ងរនៅឡើយទេ តែយើងនៅតែទប់ស្កាត់ជាប្រចាំផងដែរ។
លោក ខាន់ ម៉ាណេរ បានបញ្ជាក់ថា អំណោយដែលបានចែកជូនទាំង៤ វរសេនាតូចក្នុងនោះមួយអង្គភាពទទួលបាន៖ អង្ករ២តោន, មីថៃ៥០កេស, ទឹកសុទ្ធ៥០កេស, ត្រីខ២៥កេស, ទឹកត្រី២០យួរ, ទឹកស៊ីវអ៊ីវ២០យួរ, ទឹកក្រូច១០កេស, និងថវិកា ៥លានរៀល៕