(កណ្ដាល)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសថា កម្ពុជានឹងទទួលបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ជាបន្ដបន្ទាប់ទៀត សរុបប្រមាណ៨លានដូស ដើម្បីបន្ដចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នាពេលខាងមុខឆាប់ៗនេះ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វ៉ាក់សាំងនោះនឹងមកដល់ជាបន្ដបន្ទាប់ ដោយក្នុងនោះ វ៉ាក់សាំង ៥០ម៉ឺនដូស មកដល់ខែមេសា, ១លាន ៥សែនដូស មកដល់ខែឧសភា, ៣លានដូស មកដល់ខែមិថុនា, ២លានដូស មកដល់ខែកក្កដា និង១លានដូស មកដល់ខែសីហា។
ក្នុងឱកាសថ្លែសារទៅកាន់ជនរួមជាតិ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «នៅថ្ងៃទី១៧ ខែមេសា នឹងមកដល់ចំនួន៥សែនដូស, ខែឧសភា នឹងមកដល់ចំនួន១លាន៥សែនដូស, ខែមិថុនា នឹងមកដល់ចំនួន៣លានដូស, ខែកក្កដា នឹងមកដល់២លានដូស, ខែសីហា នឹងមកដល់១លានដូស ដូច្នេះវ៉ាក់សាំងរបស់យើងអាចបម្រើការចាក់បាន»។
បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន តាមគម្រោងកម្ពុជាត្រូវការវ៉ាក់សាំងប្រមាណ២០លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋ១០លាននាក់នៅទូទាំងប្រទេស។ ខណៈបច្ចុប្បន្នកំពុងដំណើរការចាក់ មានជាង២លានដូស ក្នុងនោះរួមមាន វ៉ាក់សាំងស៉ីណូហ្វាម, ស៉ីណូវ៉ាក់ និងអាស្ដាហ្សែណេកា។
ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានឆ្លើយតបទៅនឹងការលើកឡើងថា សម្ដេចរំលោភលើគោលការណ៍ស្ម័គ្រចិត្តចំពោះការចាក់វ៉ាក់សាំង តែសម្ដេចបញ្ជាក់ត្រឡប់ទៅវិញ ក្នុងឋានៈជាប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា គឺត្រូវមានភារកិច្ចដាក់ «កាតព្វកិច្ចវ៉ាក់សាំង» លើកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៉ីវិលទាំងអស់។ ដោយឡែក សម្រាប់ប្រជាពលរដ្ឋគឺគោលការណ៍ស្ម័គ្រចិត្ត។
គួរជម្រាបថា សន្ទុះនៃការចង់ទទួលបាននូវវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ពីសំណាក់ប្រជាពលរដ្ឋនៅទូទាំងប្រទេស មានការកើនឡើងយ៉ាងខ្លាំង ព្រោះពួកគាត់ចាត់ទុកថា ការទទួលបាននូវវ៉ាក់សាំងនេះ គឺប្រៀបបានដូចជាពួកគាត់មានអាវក្រោះដើម្បីការពារជំងឺកូវីដ១៩យ៉ាងដូច្នេះដែរ ប៉ុន្ដែសម្ដេចតេជោ ហ៊ុន សែន នៅតែបន្ដអំពាវនាវដល់ប្រជាពលរដ្ឋដែលទទួលបានវ៉ាក់សាំងរួចហើយក្ដី ឬមិនទាន់ទទួលបានក្ដី ត្រូវបន្ដចូលរួមអនុវត្តវិធានការ «៣ការពារ និង៣កុំ» បន្ដទៀត។
របាយការណ៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានគិតត្រឹមថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ទូទាំងប្រទេសសរុបចំនួន ៨៩៥,៣០៩នាក់។
* ក្រសួងសុខាភិបាល ចាក់បានចំនួន ៦៧៨,៤០៦នាក់
* ក្រសួងការពារជាតិ ចាក់បានចំនួន ២១៦,៩០៣នាក់៕