(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ បញ្ជាឱ្យមន្ទីរពិសោធន៍ត្រូវពិនិត្យកន្លែងហានិភ័យជំងឺកូវីដ -១៩ ខ្ពស់ឱ្យបានមុន ហើយកន្លែងមិនមានហានិភ័យត្រូវធ្វើក្រោយ ព្រោះកន្លងមកមានសំណាករាប់ពានធ្វើមិនអស់ ការធ្វើសំណាកកន្លែងហានិភ័យមុននេះ គឺធ្វើឡើងក្នុងយុទ្ធសាស្ត្ររកឃើញរហ័ស គ្រប់គ្រងបានរហ័ស។
នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» គឺជាព្រឹត្តិការណ៍ធ្ងន់ធ្ងរសម្រាប់កម្ពុជា ដែលជាហេតុនាំឱ្យរាជរដ្ឋាភិបាល ដាក់ចេញវិធានការបិទតំបន់ផ្ទុះកូវីដ-១៩ខ្លាំង។ ការបញ្ជាយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ។
ប្រមុខរាជរដ្ឋាភិបាល បញ្ជាយ៉ាងដូច្នេះថា៖ «ហើយត្រូវរុករកអ្នកឆ្លងឱ្យអស់លទ្ធភាព ហើយធ្វើតេស្តសំណាកសង្ស័យឱ្យបានឆាប់ ចំណុចនេះ ជាចំណុច...! ហេតុអីបានជាខ្ញុំ ត្រូវតែបង្ខំចិត្តចេញបញ្ជាបើទោះបីខ្ញុំមិនមែនអ្នកបច្ចេកទេស ប៉ុន្តែ រឿងស្អីដែលកន្លងទៅសំណាកធ្វើមិនអស់ ហើយទុកសំណាកសល់រាប់រយ រាប់ពាន់សំណាក»។
«សំណាកដែលមានហានិភ័យឱ្យត្រូវធ្វើមុន បែរមិនធ្វើមុនទេ ខ្ញុំបាននិយាយទៅកាន់ក្រសួងសុខាភិបាល ឱ្យធ្វើទាំងអស់កាលពីយប់ម្សិល ហើយយប់មិញធ្វើទាំងអស់ បានវាចេញអារាប់ររយហ្នឹងមក (អ្នកជំងឺកូវីដ-១៩) យុទ្ធសាស្ត្ររបស់យើង រកឃើញរហ័ស គ្រប់គ្រងបានរហ័ស បើកន្លែងមន្ទីរពិសោធន៍ កន្លែងដែលមានហានិភ័យ ត្រូវដាក់ធ្វើក្រោយ អាកន្លែងអត់ហានិភ័យ ដាក់ធ្វើមុន ម៉ោង១ ម៉ោង២ភ្លឺទើបយើងអាចដឹង... អញ្ចឹងវាត្រូវពន្យាពេលអស់ប៉ុន្មានម៉ោង? មន្ទីពិសោធន៍ទាំងអស់ត្រូវធ្វើសកម្មភាព ហើយត្រូវស្តាប់ឱ្យបានកន្លែងសង្ស័យត្រូវធ្វើមុន...!»។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការងាររបស់មន្ទីរពិសោធន៍មិនទាន់ឆ្លើយតបនឹងបញ្ហាអាសន្ននោះទេ។ សម្តេចតេជោ បានទម្លាយថា កន្លងមកសំណាកជាច្រើនត្រូវបានទុកចោល ដោយមិនពិនិត្យ។
នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែគូរពីសុខទុក្ខប្រជាលរដ្ឋគ្រប់វិនាទី សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ៗថា មន្ទីពិសោធន៍ទាំងអស់ត្រូវធ្វើសកម្មភាព ហើយត្រូវស្តាប់ឱ្យបានកន្លែងសង្ស័យមានករណីឆ្លងរាតត្បាតជំងឺកូវីដ-១៩ ខ្លាំងត្រូវធ្វើតេស្តសំណាកឱ្យមុន ខណៈយើងរកឃើញមុខមន្ត្រីជំនាញ អាចធ្វើសកម្មភាពចេញទៅយកអ្នកជំងឺបានមុន ការធ្វើបែបនេះដើម្បីកាត់បន្ថយការរីករាលដាលជំងឺកូវីដ-១៩ ពីម្នាក់ ទៅម្នាក់ បានយ៉ាងច្រើនផងដែរ។
ជុំវិញបញ្ហានេះ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា សម្តេចមិនស្តីបន្ទោសនរណាម្នាក់នោះទេ ប៉ុន្តែវាជាបទពិសោធន៍ ដោយសារតែមិនទាន់ស្គាល់របៀប នៃការអនុវត្ត ខ្ញុំជាអ្នកនយោបាយ មិនមែនអ្នកបច្ចេកទេ ក៏ប៉ុន្តែ យើងក៏អាចដឹងបាន យើងរកបានមុន ឧទាហរណ៍អ្នកជំងឺរកឃើញម៉ោង១២ថ្ងៃត្រង់ អញ្ចឹងត្រឹមតែ២ម៉ោង ក្រោយយើងយកអ្នកជំងឺមកកាន់មន្ទីរពេទ្យបានហើយ»។
បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានទទូចសុំឱ្យមន្ទីរពិសោធន៍ទាំងអស់ធ្វើតេស្តសំណាកឱ្យបានឆាប់រហ័ស និងត្រូវឱ្យអាទិភាពទៅតំបន់ដែលមានហានិភ័យ ដើម្បីឱ្យយើងងាយគ្រប់គ្រងសភាពការណ៍បានទាន់ពេលវេលា ជាពិសេសត្រូវឱ្យកន្លែងដែលមានសមត្ថភាពធ្វើតេសត្តរកសំណាក ទោះតូច ឬធំក្តីត្រីវពង្រឹងសមត្ថភាពធ្វើតេស្តសំណាករកមេរោគកូវីដ-១៩ ខណៈប៉ុន្មានថ្ងៃខាងមុខនេះនឹងមានម៉ាស៊ីនធ្វើតេសនឹងមកដល់កម្ពុជាបន្ថែមទៀត នាពេលខាងមុខដ៏ខ្លីនេះ៕