(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរិះគន់ក្រុមអ្នកសិទ្ធិមនុស្សមួយចំនួន ដែលបានចោទសម្តេចថា រំលោភសិទ្ធិមនុស្ស នៅក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩នេះ។ សម្តេចបានថ្លែងថា នរណាចង់ថាសម្តេចផ្តាច់ការ ឬរំលោភសិទ្ធិមនុស្សក៏ថាចុះ សំខាន់ពេលនេះ សម្តេចត្រូវតែការពារអាយុជីវិតរបស់ប្រជាពលរដ្ឋមួយប្រទេស។
ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមរយៈសារវីដេអូ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ធ្វើមេដឹកនាំគ្រប់គ្រងប្រទេសត្រូវតែម៉ត់ចត់ បើមិនម៉ត់ចត់មិនអាចដឹកនាំបានទេ។ សូម្បីព្រះចៅអធិការវត្ត ក៏ត្រូវមានវិន័យដែរ។ សម្តេចតេជោ ហ៊ុន សែន បានឱ្យក្រុមអ្នកសិទ្ធិមនុស្សដែលចូលចិត្តរិះគន់ទាំងនោះពិចារណា រវាងការដាក់ចេញវិធានការការពារជីវិតមនុស្ស និងទុកឱ្យមនុស្សស្លាប់ដោយជំងឺកូវីដ១៩ តើយកមួយណា?
សម្តេចថ្លែងដូច្នេះថា៖ «ចង់ប្តឹងខ្ញុំទៅតុលាការឡាអេ ក៏ប្តឹងទៅ ទៅតុលាការអន្តរជាតិក៏ប្តឹងទៅ តាមចិត្ត បើខ្ញុំធ្វើដើម្បីជាតិ ប្រជាពលរដ្ឋខ្មែររាប់លានរស់ ហើយសុខចិត្តចាប់ពួកអាបំពុល ញាត់គុក អ្នកឯងថាផ្តាច់ការ អូខេ ទទួលបាន ខ្ញុំសុខចិត្តមានឈ្មោះជាជនផ្តាច់ការ ក៏ប៉ុន្តែខ្ញុំមានគុណសម្បត្តិការពារប្រជាជនខ្ញុំឱ្យរស់រានមានជីវិត»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចសុខចិត្តធ្វើជាអ្នកផ្តាច់ការ ដើម្បីជាតិកម្ពុជារស់។ សម្តេចថ្លែងទៀតថា «ហើយពួកអ្នកសិទ្ធិមនុស្ស ខ្ញុំគ្រាន់តែនិយាយថា អ្នកឯងគិតពីសិទ្ធិមនុស្សម្នាក់ដែលនិយាយបំភ្លៃ ដោយនិយាយញុះញង់ តែខ្ញុំគិតអំពីសិទ្ធិមនុស្ស ដែលមានអ្នកត្រូវការរស់ អ្នកឯងយកមួយណាយកទៅ»។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីដំណើរតស៊ូរហូតធ្វើប្រទេសមានសុខសន្តិភាព មានការគ្រប់គ្រងតែមួយ និងមិនមានអ្វីទាំងអស់ រហូតមានអគារខ្ពស់រាប់រយ។ សម្តេចចោទសួរថា តើនេះឬជាបុរសផ្តាច់ការ?៕