(ភ្នំពេញ)៖ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥។
ក្នុងសារលិខិតនោះមានខ្លឹមសារថា «ស្ថិតក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម និងមង្គលសិរីសួស្តីប្រពៃថ្លៃថ្លា នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ជាបឋម ខ្ញុំបាទយើងខ្ញុំជាសមាជិក សមាជិកា នៃគណៈកម្មាធិការកណ្ដាល និងមន្ត្រី អ្នកស្ម័គ្រចិត្ដ យុវជនកាកបាទក្រហមកម្ពុជា មានសេចក្តីសោមនស្សរីករាយ សូមលំឱនកាយគោរពជូននូវសព្ទសាធុការពរបវរសួស្ដី សិរីមង្គល វិបុលសុខមហាប្រសើរ ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ជាទីគោរពដ៏ខ្ពង់ខ្ពស់ សូមមានសុខភាពល្អបរិបូរណ៍ ពលានុភាពមាំមួនក្លៀវក្លា ឆន្ទៈ មនសិការ បញ្ញាភ្លឺថ្លាវាងវៃ ជន្មាទីឃាយុយឺនយូរ ដើម្បី សម្តេច មានលទ្ធភាពដឹកនាំកាកបាទក្រហមកម្ពុជា ទទួលបានជោគជ័យជាបន្តបន្ទាប់តរៀងទៅ»។
ក្នុងវរោកាសដ៏វិសេសវិសាលនេះ «ខ្ញុំបាទយើងខ្ញុំទាំងអស់គ្នា នៃកាកបាទក្រហមកម្ពុជា សូមសម្តែងនូវការគោរពកោតស្ញប់ស្ញែងអស់ពីដួងចិត្ត ចំពោះគំរូវីរភាពជាវិជ្ជមានដ៏ឧត្តុង្គឧត្តម របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលស្ថិតក្នុងមហាកិត្តិនាម ជាប្រធានកាកបាទក្រហមកម្ពុជា សម្តេច គឺជាមគ្គទេសក៍ដ៏ល្អឆ្នើមមួយរូប ពោរពេញដោយទេពកោសល្យ ឈានមុខក្នុងការដឹកនាំសកម្មភាពមនុស្សធម៌ យកចិត្តទុកដាក់ពីទុក្ខលំបាក ជីវភាពរស់នៅ និងសុខុមាលភាព ដែលជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់កាលៈទេសៈ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដែលនេះជាកត្តាផ្តល់នូវកម្លាំងចិត្តយ៉ាងកក់ក្តៅបំផុតដល់យើងខ្ញុំទាំងអស់គ្នា ដែលមានមហាកិត្តិយសបានរួមចំណែកក្នុងបេសកកម្មមនុស្សធម៌ ជាមួយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន តាមព្រះរាជតម្រិះ និងព្រះរាជវីរគំរូដ៏ល្អផូរផង់ របស់ ហ្លួងម៉ែជាអម្ចាស់ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ទ្រង់ស្តេចត្រួសត្រាយព្រះរាជមាគ៌ាដ៏ទូលំទូលាយសំដៅជួយជនរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ»។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ «យើងខ្ញុំ សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក បារមីទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ព្រះនាម មណ្ឌាទេវី សូមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន និង សម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់ ព្រមទាំង បុត្រា បុត្រី បុត្រប្រសា ចៅៗជាទីស្រឡាញ់ សូមបានសមប្រកបដោយព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ»៕
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតរបស់ សម្តេចចៅហ្វាវាំង ផ្ញើជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៖