(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតគោរពជូនពរ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥។
ក្នុងសារលិខិតនោះមានខ្លឹមសារថា «ក្នុងឱកាសដ៏មង្គលសួស្តីប្រសើរថ្លៃថ្លា ប្រកបដោយមហានក្ខត្ដឫក្ស នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងនាមកាកបាទក្រហមកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមជូននូវសព្ទសាធុការពរ បវរសួស្ដី សិរីមង្គល វិបុលសុខមហាប្រសើរ ជូន សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង លោកជំទាវ សូមមានសុខភាពល្អបរិបូរណ៍ បញ្ញាភ្លឺថ្លាឈ្លាសវៃ កាយពលរឹងមាំ និងមានជន្មាយុយឺនយូរ ដើម្បីរួមចំណែកការពារសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍលើគ្រប់វិស័យឲ្យកាន់តែសម្បូរសប្បាយ តរៀងទៅ»។
ក្នុងវរោកាសដ៏វិសេសវិសាលនេះ «ខ្ញុំ និងសហការី សូមគោរពថ្លែងនូវការកោតសរសើរដោយស្មោះ ចំពោះ សម្ដេចពិជ័យសេនា ដែលបានយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី ព្រមទាំងបទពិសោធន៍ជ្រៅជ្រះ ប្រកបដោយឆន្ទៈ មនសិការស្នេហាជាតិ ក្នុងការដឹកនាំក្រសួងការពារជាតិឲ្យកាន់តែមានសមត្ថភាព គុណភាព ធ្វើឲ្យប្រទេសមានខឿនការពារជាតិរឹងមាំក្នុងកិច្ចការពារអធិបតេយ្យជាតិ រក្សាបាននូវសុខសន្តិភាព សណ្តាប់ធ្នាប់សង្គម ការពារបូរណភាពទឹកដី ប្រកបដោយសុខដុមរមនា ក្រោមម្លប់ដ៏ត្រជាក់ នៃ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត»។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ «ខ្ញុំ និងសហការីនៃកាកបាទក្រហមកម្ពុជា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជបារមីនៃវត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក ជាពិសេស ទេវតាឆ្នាំថ្មី ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ព្រះនាម មណ្ឌាទេវី សូមអភិបាលប្រោះព្រំសព្ទសាធុការពរជ័យ ជូន សម្ដេចពិជ័យសេនា និង លោកជំទាវ ព្រមទាំងបុត្រា បុត្រី បុត្រប្រសា ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរដ៏ប្រសើរថ្លៃថ្លា ទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើជូន សម្តេចពិជ័យសេនា និងលោកជំទាវ៖