(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ បានថ្លែងនូវការអរគុណដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ដែលបានចេញសេចក្តីថ្លែងការណ៍រួមមួយ សម្រេចបន្ធូរបន្ថយ ដល់ប្រជាពលរដ្ឋរងគ្រោះ ដោយជំងឺកូវដី១៩ ប៉ុន្តែសម្តេចស្នើឲ្យពិចារណាបន្ថែមរយៈពេលឲ្យបានយូរ ក្នុងកាលៈទេសៈដ៏លំបាកនេះ។
ការថ្លែងនូវការអរគុណនេះ ធ្វើឡើងបន្ទាប់ពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ តាមរយៈសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ បានសេចក្តីថ្លែងការណ៍រួម ដោយដាក់ចេញការអន្តរាគមន៍បន្ថែមចំនួន ៦ចំណុច ដើម្បីគាំពារដល់អតិថិជន ក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩។
ការអន្តរាគមន៍បន្ថែមចំនួន៦ចំណុច ដើម្បីគាំពារដល់អតិថិជន ក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩៖
១៖ សម្រាប់អតិថិជនដែលឆ្លងជំងឺកូវីដ-១៩៖ លើកលែងការបង់ការប្រាក់ និងរាល់ការផាកពិន័យទាំងអស់
រយៈពេលមួយខែ ព្រមទាំងទទួលបានការរៀបចំឥណទានឡើងវិញ ដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម) រួមទាំងការពន្យារការបង់ប្រាក់ដើមរយៈពេលបីខែ។ រាល់អតិថិជនដែលឆ្លងជំងឺកូវីដ-១៩ ត្រូវបង្ហាញលទ្ធផលតេស្តវិជ្ជមានកូវីដ-១៩ ចេញដោយអាជ្ញាធរមានសមត្ថកិច្ច។
ត្រង់ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន ចាក់ទុកថា ជាការល្អណាស់ ដែលធ្វើបែបនេះ។ សម្តេចបានស្នើឲ្យធនាគារ ប្រកាន់យកការអនុវត្តនេះ ឲ្យបានខ្ជាប់ខ្ជួន និងស្នើឲ្យបន្ថែមរយៈពេលឲ្យបានយូរជាងនេះ។ ឧទាហរណ៍រយៈពេល លើកលែងការប្រាក់រយៈពេល១ខែ ប្រសិនបើពន្យារពេលបានដល់២ខែ ក៏ជាការល្អនេះ ដោយសារតែអ្នកដែលមានជំងឺកូវីដ១៩ មានចំនួនមិនច្រើនហួសហេតុ ដែលអាចប៉ះពាល់ធ្ងន់ធ្ងរដល់ធនាគារ និងមីក្រូហិរញ្ញវត្ថុនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យការអនុវត្តនេះ មានវិសាលភាពដល់កម្មករកម្មការិនី ដែលបានបាត់បង់ការងារធ្វើ ពាក់ព័ន្ធជាមួយនឹងជំងឺកូវីដ១៩ ផងដែរ បើសិនក្រុមគ្រួសារកម្មករ មានបំណុលធនាគារក៏សុំអធ្យាស្រ័យដល់ពួកគាត់។
២៖ សម្រាប់អតិថិជន ដែលជាប់ធ្វើចត្តាឡីស័ក៖ ផ្តល់ការរៀបចំឥណទានឡើងវិញ ដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម) រួមទាំងពន្យារការបង់ទាំងប្រាក់ដើម និងការប្រាក់រយៈពេលមួយខែ និងលើកលែងរាល់ការផាកពិន័យទាំងអស់។ ចំណុចនេះដែរ សម្តចទទួលស្គាល់ថា ជាការល្អហើយ ដែលអ្នកដែលជាប់ធ្វើចត្តាឡីស័ក ត្រូវវៀបចំឥណនាឡើងវិញនេះ។ សម្តេចស្នើឲ្យសុំបន្ថែមពេលវេលា ប្រសិនបើអាចធ្វើទៅបាន ព្រោះចំនួននេះក៏មិនច្រើនហួសហេតុពេក ដែលផុតពីសមត្ថភាពនៃធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះដែរ។
៣៖ បន្តធ្វើការផ្តល់ ជូនការរៀបចំឥណទានឡើងវិញ ឲ្យបានឆាប់រហ័ស និងបង្កលក្ខណៈងាយស្រួល សម្រាប់អតិថិជន ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។
ត្រង់ចំណុចនេះ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា «អ្វីដែលខ្ញុំសុំនៅចំណុចទី៣នេះ គឺសុំកុំឲ្យមានការផាកពិន័យ។ ក្នុងរយៈកាលនៃជំងឺកូវីដនេះ ជំងឺកូវីដ១៩ បានពិន័យរួចទៅហើយ ហើយយើងទៅពិន័យបន្ថែមទៀត គឺមិនសមស្របទេ យើងត្រូវជួយគ្នា ។ ប៉ុន្តែការលើកលែងនេះ ក៏ត្រូវពិនិត្យមើលអតិថិជនផងដែរ ព្រោះអតិថិជនមិនមែនសុទ្ធតែ ជួបការលំបាកដូចគ្នាទាំងអស់នោះទេ។ ការរឹបអូសក៏មិនត្រូវគួរ ធ្វើក្នុងដំណាក់កាលនេះដែរ»។
៤៖ បញ្ចេញឥណទានសង្រ្គោះបន្ទាន់ ឬបន្ថែម ដោយបន្ធូរបន្ថយលក្ខខណ្ឌ ព្រមទាំងកាត់បន្ថយអត្រាការប្រាក់ ដើម្បីជួយបន្ត និងស្តារឡើងវិញនូវសេដ្ឋកិច្ចគ្រួសារ និងអាជីវកម្មមុន និងក្រោយពេលមានវិបត្តិ។
ចំណុចនេះវិញ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងឱកាសដ៏លំបាកនេះ ធនាគារអាចសុំបញ្ចុះអត្រាការប្រាក់របស់ម្ចាស់បញ្ញី (ឧទាហរណ៍ពី ៥% មកនៅ៤% ឬ៤.៥% ក្នុងឆ្នាំ) បានសេចក្តីថា ម្ចាស់បំណុលរបស់ធនាគារ គួរបន្ថយការប្រាក់ ដើម្បីជួយគ្នាក្នុងគ្រាលំបាកនេះ ហើយប្រសិនបើមានការកាត់បន្ថយបែបនេះ ធនាគារដែលផ្តល់ប្រាក់កម្ចីបន្ត ក៏ត្រូវបន្ថយអត្រាការប្រាក់ផងដែរ។
សម្តេចបានណែនាំឲ្យធនាគារជាតិ ត្រូវធ្វើការជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ឲ្យសម្របសម្រួលគ្នា កុំឲ្យការកាត់បន្ថយការប្រាក់នេះ ធ្វើឲ្យម្ចាស់ប្រាក់បញ្ញីរត់ពីធនាគារមួយ ទៅធនាគារមួយទៀត ដែលមិនបានបញ្ចុះអត្រាការប្រាក់។
សម្តេចតេជោ ហ៊ុន សែន បានដាក់ជាសំណួរឡើងថា ធនាគារនិមួយៗសុទ្ធ តែមានផលចំណេញ តើធនាគារអាចកាត់បន្ថយប្រាក់ចំណេញ ដើម្បីជួយសង្គ្រោះអថិតជនរបស់ខ្លួន ដែលកំពុងជាប់បំណុល បន្ថែមដោយអ្នកដាក់ប្រាប់បញ្ញើ កាត់បន្ថយប្រាក់ចំណូល ដែលទទួលបានពីការប្រាក់ប្រចាំឆ្នាំបាន ឬទេ ? ព្រោះពេលវេលានេះ ជាពេលវេលាសំខាន់ ដែលយើងត្រូវជួយគ្នា។
៥៖ ធ្វើការរៀបចំឥណទានឡើងវិញ ព្រមទាំងលើកលែង រាល់ការផាកពិន័យទាំងអស់ សម្រាប់អតិថិជនដែលទិញផ្ទះផ្ទាល់ខ្លួនទីមួយ សម្រាប់រស់នៅ (First Home Owner)។ ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវអារម្មណ៍ត្រេកអរ សម្រាប់ការលើកលែង ការផាកពិន័យលើកអតិថិជន ដែលមិនអាចទទួលប្រាក់ចំណូល។
សម្តេចតេជោបានបញ្ជាក់ថា «ខ្ញុំសុំស្នើដំណាក់កាលកូវីដ១៩នេះ ពាក្យថា ផាកពិន័យមិនគួរត្រូវប្រើនោះទេ។ បន្ធូរបន្ថយការប្រាក់ ពន្យារការសង ហើយត្រូវធ្វើទៅតាមលទ្ធភាពនៃអតិថិជន»។
៦៖ ផ្តល់នូវការអនុគ្រោះសម្រាប់អតិថជន ដែលទទួលមរណភាពដោយជំងឺកូវីដ-១៩ តាមលទ្ធភាពជាក់ស្តែងរបស់គ្រឹះស្ថាននីមួយៗ។ ចំណុចនេះគឺល្អណាស់។ ត្រង់ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា គឺពិតជាល្អណាស់ ព្រោះមេគ្រួសារ ឬអ្នកដែលមានចំណូលចិញ្ចឹមគ្រួសារ បានបាត់បង់ជីវិតទៅហើយ លទ្ធផលសងក៏មានការលំបាក ដូច្នេះការតាមលទ្ធភាពជាក់ស្តែង គឺជាការល្អ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងថា «ខ្ញុំអរគុណាស់ ជាមួយនឹងការចេញសេចក្តីប្រកាសមួយនេះ។ ខ្ញុំសំណូមពរ ឲ្យមានការពន្យារពេលសង បន្ថយអត្រាការប្រាក់ រៀបចំឥណទានឡើងវិញ ដើម្បីសម្រួលដល់ការលំបាក ហើយអំពាវនាវជាទូទៅដល់អ្នកពាក់ព័ន្ធទាំងអស់ រាប់ទាំងម្ចាស់ប្រាក់ដើម ដែលបានដាក់ប្រាក់នៅធនាគារបន្ធូរប្រាក់ចំណេញបន្តិច ដើម្បីឲ្យធនាគារបន្ថយអត្រាការប្រាក់ដល់អ្នកខ្ចី។ តែសូមឲ្យគ្រប់ធនាគារធ្វើដូចគ្នា»។
សូមជម្រាបថា គិតត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ២០២១ មានអតិថិជនប្រមាណ៣៤ម៉ឺននាក់ ទទួលបានការរៀបចំឥណទានឡើងវិញ ក្នុងទំហំឥណទានប្រមាណ ៤ប៊ីលានដុល្លារអាមេរិក។ ចំពោះយន្តការនៃការរៀបចំឥណទានឡើងវិញ ភាគច្រើននៃអតិថិជនទាំងនោះ បានជ្រើសយកជម្រើសបង់តែការប្រាក់ ក្នុងរយៈពេល ៣ទៅ៦ខែ ពន្យាររយៈពេលសងកម្ចី ឬផ្អាកបង់ទាំងការប្រាក់ និងប្រាក់ដើមរយៈពេល ៣ទៅ៦ខែ ក្នុងករណីដែលអតិថិជនរងផលប៉ះពាល់ខ្លាំង៕