(ភ្នំពេញ)៖ អាជ្ញាធររាជធានីភ្នំពេញ នឹងចាត់វិធានការតាមច្បាប់ចំពោះបុគ្គលមួយចំនួន ដែលនៅបន្តបំពានដោយនៅដើរចេញក្រៅ និងដើររហេតរហូត បើទោះបីដឹងថា ខ្លួនមានវិជ្ជមានកូវីដ១៩ ក្រោយមន្រ្តីបានទូរស័ព្ទប្រាប់។ អាជ្ញាធរនឹងអនុវត្តតាមច្បាប់ថ្មី និងអនុក្រឹត្យ ស្តីពីវិធានការដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ចំពោះបុគ្គលទាំងនេះ នៅពេលរកឃើញថា បុគ្គលទាំងនេះបានចម្លងជំងឺកូវីដ១៩ទៅអ្នកដទៃ។
រដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះថា នៅយប់មិញមានបុគ្គលមួយចំនួននៅបន្តដើរចេញក្រៅ មិនព្រមធ្វើចត្តាឡីស័ក ហើយអ្វីដែលហួសចិត្តនោះ គឺនៅពេលមន្រ្តីបានទូរស័ព្ទរបស់ថា ខ្លួនមានវិជ្ជមានកូវីដ (ពេលលទ្ធផលតេស្តចេញ) បុគ្គលទាំងនេះមិនព្រមស្តាប់ និងនៅបន្តដើរចេញក្រៅ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និងកាន់តែចម្លងទៅអ្នកដទៃ។
មាត្រា៩ នៃ «ច្បាប់ និងអនុក្រឹត្យ» ស្តីពីវិធានការដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ បានចែងងថា «បទចម្លងដោយចេត្តនានូវជំងឺកូវីដ១៩ ដល់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ១០ឆ្នាំ (តាមគ្រប់មធ្យោបាយ)។ បទចម្លងដោយចេត្តនានូវជំងឺកូវីដ១៩ ដល់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១០ឆ្នាំ ទៅ២០ឆ្នាំ (បើធ្វើឡើងដោយមានការរៀបចំជាក្រុម ឬអង្គការចាត់តាំង)។
សូមបញ្ជាក់ថា មួយរយៈចុងក្រោយនេះ ការឆ្លងនៅក្នុងសហគមន៍នៅប្រទេសកម្ពុជា ជាពិសេសរាជធានីភ្នំពេញ បានកើនឡើងយ៉ាងខ្លាំង ភាគច្រើនចេញពីផ្សារអូរឬស្សី និងរោងចក្រកាត់ដេរ «ឌីនហាន»។ សម្រាប់រោងចក្រ «ឌីនហាន» ត្រូវបានអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ថ្លែងបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះថា ចំនួនសរុបនៃអ្នកឆ្លងជំងឺកូវីដ១៩ រហូតដល់៦៣៨នាក់។
សម្រាប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា មានមនុស្សឆ្លងកូវីដ១៩ មានចំនួន៤៨៣នាក់៕