(បាត់ដំបង)៖ ផ្ទះចំនួន២១ខ្នងទៀតហើយ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានប្រគល់ជូនដល់អតីតយុទ្ធជននៅក្នុងខេត្តបាត់ដំបង។
លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន បានអញ្ជើញប្រគល់ផ្ទះជាជម្រកដ៏លមានតម្លៃសម្រាប់អតីតយុទ្ធជននេះ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ។
យោងតាមរបាយការណ៍សមាគមអតីតយុទ្ធជន ខេត្តបាត់ដំបង បានឱ្យដឹងថា ផ្ទះចំនួន ២១ខ្នង ស្ថិតនៅក្រុងបាត់ដំបង ០១ខ្នង, ស្រុកបាណន់ ០២ខ្នង, ស្រុកសង្កែ ០៦ខ្នង, ស្រុកសំពៅលូន ០២ខ្នង, ស្រុកកំរៀង ០២ខ្នង, ស្រុកភ្នំព្រឹក ០២ខ្នង, ស្រុកមោងឫស្សី ០៣ខ្នង, ស្រុកគាស់ក្រឡ ០២ខ្នង និងស្រុកឯកភ្នំ ០១ខ្នង។
របាយការណ៍បន្ថែមថា ផ្ទះចំនួន ២១ខ្នងនេះ គឺខ្នងផ្ទះទី១៩៤ ដល់ទី២១៤ ក្នុងចំណោមផ្ទះទាំង ២៤៤ខ្នង របស់សមាគមអតីតយុទ្ធកម្ពុជា ខេត្តបាត់ដំបង ធ្វើអំពីឈើប្រក់ស័ង្កសី រៀបការ៉ូបាត និងរៀបជញ្ជាំងឥដ្ឋកំពស់ ០១ម៉ែត្រ ជាអំណោចដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនអតីតយុទ្ធជនមានជីវភាពទីទ័លក្រ និងគ្មានទីជំរកសមរម្យ។
ក្នុងពិធីប្រគល់ផ្ទះនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម បាននាំយកនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជាការនឹករលឹករបស់លោកទាំងទ្វេចំពោះអតីតយុទ្ធជនទាំងអស់។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់ថា សម្តេចទាំងទ្វេតែងតែនឹករលឹក និងគិតគូរជានិច្ចចំពោះអតីតយុទ្ធជន។ ទោះបីក្នុងកាលៈទេសៈ ដែលសង្គមជាតិជួបវិបត្តិជំងឺកូវីដ១៩យ៉ាងណាក្តី តែសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅតែបន្តយកចិត្តទុកដាក់រៀបចំសាងសង់ផ្ទះសម្បែង និងការឧបត្ថម្ភនានា ដើម្បីដោះស្រាយការលំបាករបស់អតីតយុទ្ធឥតដាច់នោះឡើយ។
អតីតយុទ្ធជនដែលទទួលបានផ្ទះសម្រាប់ស្នាក់អាស្រ័យ និងដីគោលនយោបាយសម្រាប់ការដាំដុះ បានសម្តែងក្តីសប្បាយរីករាយ និងត្រេកអរជាខ្លាំង។ ពួកគេក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តពោរពេញដោយមេត្តាធម៌របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធ ចំពោះពួកគេផងដែរ។
សូមបញ្ជាក់ថា ក្នុងពិធីប្រគល់ផ្ទះនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានប្រគល់គ្រឿងឧបភោគ បរិភោគមួយចំនួនជាអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនអតីតយុទ្ធជនផងដែរ។ ក្នុងនោះសម្រាប់អតីតយុទ្ធជនទទួលផ្ទះ ២១គ្រួសារ ទទួលបានម្នាក់ៗរួមមាន៖ ថវិកា ២០០,០០០រៀល, គ្រែ០១, អង្ករចំនួន ១០០គីឡូក្រោម, ទឹកត្រី១យួរ, ទឹកស៊ីអីវ ១យួរ, ត្រីខ ០១យួរ, ឆ្នាំង ចាន មុង ០១, ភួយ ០១, កន្ទេល ០១។
ដោយឡែកអតីតយុទ្ធជនរស់នៅក្បែរខាង ដែលបានចូលរួមអបអរសាទរ ចំនួន ១០នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥០,០០០រៀល និងសារុង ០១, លោកប្រធាន ស.អ.ក ស្រុកសំពៅលូន, ស្រុកកំរៀង, ស្រុកភ្នំព្រឹក, ស្រុកមោងឫស្សី, ស្រុកគាស់ក្រឡ, ស្រុកបាណន់ ស្រុកសង្កែ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២០០,០០០រៀល និងលោកប្រធាន ស.អ.ក ក្រុងបាត់ដំបង, ស្រុកឯកភ្នំ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០០,០០០រៀល សម្រាប់ធ្វើមធ្យោបាយនាំអតីតយុទ្ធជន មកចូលរួមផងដែរ៕