(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយរាជធានីភ្នំពេញ បានប្រគល់អំណោយជូនរដ្ឋបាលខណ្ឌ អធិការដ្ឋាននគរបាលខណ្ឌ និងកងរាជអាវុធហត្ថខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ នារសៀលថ្ងៃសុក្រ ១២រោច ខែចេត្ត ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ទីស្តីការក្រសួង។
ឆ្លៀតក្នុងឱកាសនោះលោក ហួត ហាក់ ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សំណាក់លោកស្រីកិត្តិសង្គហបណ្ឌិត ជូនដល់លោក លោកស្រី ដែលបានចូលរួម នាពេលនេះ ដោយក្តីនឹករលឹក និងបានគិតគូរអំពីសុខទុក្ខរបស់បងប្អូននៅក្នុងមូលដ្ឋានរាជធានីភ្នំពេញផងដែរ។
ក្នុងនាមលោកស្រីកិត្តិសង្គ ហបណ្ឌិត លោក ហួត ហាក់ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនដល់លោក លោកស្រី នៅមូលដ្ឋាននីមួយៗ បានយកចិត្តទុក្ខដាក់បំពេញភារកិច្ច ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនទទួលបានលទ្ធផលគួរជាទីមោទនៈ ជាពិសេស ការចូលរួមប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩។ លោកក៏បានលើកទឹកចិត្តឲ្យស្ថាប័នទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនបន្ថែមទៀត នូវវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការណ៍ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល ដើម្បីចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ ក្នុងសហគមន៍។
អំណោយក្នុងថ្ងៃនេះរួមមាន៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបត្ថម្ភថវិកា ២១លានរៀល និងអង្ករ ៣តោន, លោកឧកញ៉ា ផែរ ហុកឈួន និងលោកស្រីឧកញ៉ា អ៊ឹង ស៊ីស្រ៊ន ឧបត្ថម្ភទឹកសុទ្ធ ៦៣០កេស, លោក លីវ សុភ័ក្ត្រា ឧបត្ថម្ភឧបករណ៍លាងដៃ និងប្រដាប់វាស់កំដៅស្វ័យប្រវត្តិ ចំនួន ៥៦គ្រឿង ជែលអាល់កុល ៥៦កេស និងលោក នៅ សារី អគ្គនាយកក្រុមហ៊ុន រ៉ាកាន់ណាហ្គា ខេមបូឌា ដែលបានឧបត្ថម្ភម៉ាស់ ១១២កេស៕