(ភ្នំពេញ)៖ ភាសាចិនបានក្លាយជាភាសាផ្លូវការទី៦ របស់អង្គការទេសចរណ៍ពិភពលោក (UNWTO) បន្ទាប់ពីភាសាផ្លូវការ៥ភាសាទៀត។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ។
លោករដ្ឋមន្ត្រី ថោង ខុន បានឲ្យដឹងថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានផ្ញើដីកាបញ្ជូនរបស់ក្រសួងការបរទេសសហភាពអឺរ៉ុប និងកិច្ចសហប្រតិបត្តិការអេស្ប៉ាញ ស្តីពីការចូលជាធរមាននូវវិសោធនកម្មនៃលក្ខន្តិកៈអង្គការទេសចរណ៍ពិភពលោក ដែលភាសាចិនបានក្លាយជាភាសាផ្លូវការ របស់អង្គការទេសចរណ៍ពិភពលោក កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១។
នៅក្នុងកិច្ចប្រជុំលើការអនុម័តគាំទ្រភាសាចិនឲ្យក្លាយជាភាសាផ្លូវការទី៦ របស់អង្គការទេសចរណ៍ពិភពលោកបានប្រារព្ធធ្វើឡើងក្នុងកិច្ចប្រជុំមហាសន្និបាទ អង្គការទេសចរណ៍ពិភពលោក នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០០៧ នៅប្រទេសកូឡុំប៊ី ហើយអង្គសន្និបាទបានតម្រូវឲ្យរដ្ឋជាសមាជិក ធ្វើការគាំទ្រតាមរយៈការផ្ញើលិខិតគាំទ្រជាផ្លូវការមកក្រសួងការបរទេស សហភាពអឺរ៉ុប និងកិច្ចសហប្រតិបត្តិការអេស្ប៉ាញ។
នៅក្នុងលក្ខន្តិកៈរបស់អង្គការទេសចរណ៍ពិភពលោក ដើម្បីឲ្យភាសាចិនត្រូវបានប្រើប្រាស់ជាផ្លូវការរបស់អង្គការទេសចរណ៍ពិភពលោក តម្រូវឲ្យមានការគាំទ្រចំនួន ២/៣ នៃរដ្ឋសមាជិកសរុប ១៥៩។
ជាមួយគ្នានោះដែរ រដ្ឋសមាជិកអង្គការទេសចរណ៍ពិភពលោកចំនួន ១០៦ បានផ្ញើលិខិតគាំទ្រលើការប្រើប្រាស់ភាសាចិនជាផ្លូវការរបស់អង្គការទេសចរណ៍ពិភពលោក តាមរយៈការផ្តល់ការគាំទ្រផ្ទាល់ចុងក្រោយដើម្បីបង្រ្គប់ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ក្នុងនោះកម្ពុជាក៏បានផ្ញើលិខិតគាំទ្ររួចហើយដែរតាំងពីឆ្នាំ២០១២។
ដូច្នេះភាសាទាំង ៦ ដែលបានក្លាយជាភាសាផ្លូវការរបស់អង្គការទេសចរណ៍ពិភពលោក គឺរួមមាន ភាសាអារ៉ាប់ អង់គ្លេស បារាំង រុស្ស៉ី អេស្ប៉ាញ និងភាសាចិននេះឯង។ ក្នុងចំណោមភាសាទាំង៦នេះ គណៈប្រតិភូនៃរដ្ឋជាសមាជិកនីមួយៗអាចប្រើប្រាស់ភាសាណាមួយក៏បាននៅក្នុងកិច្ចប្រជុំ ហើយភាសា ៥ ផ្សេងទៀតនឹងមានការបកប្រែដំណាលគ្នាផងដែរ។ បន្ថែមពីនេះទៀត គណៈប្រតិភូក៏អាចធ្វើសេចក្តីថ្លែងការណ៍ជាភាសារបស់ខ្លួនក្រៅផ្លូវការបាន ដោយតម្រូវឲ្យផ្តល់នូវការបកប្រែតាយរយៈសំណេរ ឬការបកស្រាយនៃសេចក្តីថ្លែងការនោះ មកជាភាសាមួយក្នុងចំណោមភាសាទាំង ៦ ខាងលើ។
ក្នុងនាមតំណាងឲ្យកម្ពុជា ដែលជារដ្ឋសមាជិកនៃអង្គការទេសចរណ៍ពិភពលោកដែរនោះ ក្រសួងទេសចរណ៍កម្ពុជាក៏កំពុងរៀបចំលិខិតអបអរសាទរជូនក្រសួងវប្បធម៌ និងទេសចរណ៍ចិន និងស្ថានទូតចិនប្រចាំកម្ពុជាផងដែរ ដេីម្បីសម្ដែងការអបអរសាទរដែលភាសាចិនបានក្លាយជាភាសាផ្លូវការរបស់អង្គការទេសចរណ៍ពិភពលោកនេះ ។
លោក ទ្រី ឈីវ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន នៃក្រសួងទេសចរណ៍ បានឲ្យដឹងដែរថា កត្តាសំខាន់ដែលជំរុញឲ្យរដ្ឋសមាជិកអង្គការទេសចរណ៍ពិភពលោក ក៏ដូចជាកម្ពុជាគាំទ្រឲ្យភាសាចិនបានក្លាយជាភាសាផ្លូវការរបស់អង្គការទេសចរណ៍ពិភពលោកនោះ គឺដោយសារចិនជាគោលដៅទេសចរណ៍ដ៏សំខាន់សម្រាប់ពិភពលោក ទីផ្សារទេសចរណ៍ចិនជាទីផ្សារចម្បង ភ្ញៀវទេសចរចិនដើរចេញក្រៅប្រទេសទៅកាន់គោលដៅ ទេសចរណ៍នានាក៏ច្រើនជាងគេ។ ម្យ៉ាងទៀត ចិនក៏មានតួនាទីកាន់តែច្រើននៅលើឆាកអន្តរជាតិ ទាំងក្របខណ្ឌវិស័យទេសចរណ៍ និងលើវិស័យដទៃទៀត ពិសេសគឺគោលនយោបាយក្រវាត់ និងផ្លូវ គោលនយោបាយផ្លូវសូត្រជាដើម៕