(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ វិទិត ម៉ុនថារប៊ន (Vitit Muntarbhorn) ដែលជាជនជាតិថៃ កាលពីពេលថ្មីៗនេះ ត្រូវបានតែងតាំងជាអ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាទី៧ បន្ទាប់ពីអាណត្តិ៥ឆ្នាំ របស់លោកស្រី រ៉ូណា ស្មីត (Rhona Smith) ត្រូវបានបញ្ចប់។ ប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ (UNHRC) បានប្រកាសដំណឹងពីការតែងតាំងអ្នកជំនាញរូបនេះ តាំងពីខែកុម្ភៈ ឆ្នាំ២០២១ ខណៈការតែងតាំងជាផ្លូវការ បានធ្វើឡើងនៅចុងខែមីនា ឆ្នាំ២០២១។
លោក វិទិត ម៉ុនថារប៊ន កើតនៅខែវិច្ឆិកា ឆ្នាំ១៩៥២។ លោកគឺជាអ្នកជំនាញសិទ្ធិមនុស្សអន្តរជាតិ និងជាសាស្ត្រាចារ្យច្បាប់ នៃសាកលវិទ្យាល័យ ឈូឡាឡុងកន (Chulalongkorn University) ក្នុងរាជធានីបាងកក ប្រទេសថៃ។ មុនកាន់តំណែងជាអ្នករាយការណ៍ពិសេស ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជានេះ កាលពីកញ្ញា ឆ្នាំ២០១៦ លោក ម៉ុនថារប៊ន ត្រូវបានចាត់តាំងជាអ្នកជំនាញឯករាជ្យរបស់អង្គការសហប្រជាជាតិមុនគេបង្អស់ ដោយក្រុមប្រឹក្សាសិទ្ធិមនុស្ស លើបញ្ហាអំពើហិង្សា និងការរើសអើង អ្នកស្រឡាញ់ភេទដូចគ្នា និងអត្តសញ្ញាណយែនឌ័រ។
លោក ម៉ុនថារប៊ន ទទួលបានការអប់រំពីសាកលវិទ្យាល័យ អកស្វឺដ (Oxford University) និងសាកលវិទ្យាល័យ ប៊ុរចហ្សែល (Brussels Unversity) ហើយក៏បានទទួលសិទ្ធិធ្វើជាមេធាវី ក្នុងគណៈមេធាវីអង់គ្លេសផងដែរ មុនពេលគាត់ធ្វើជាគ្រូបង្រៀនផ្នែកច្បាប់ នៅតាមសាកលវិទ្យាល័យនាបណ្តាប្រទេសនៅអឺរ៉ុប មួយចំនួនដូចជា អូទ្រីស កាណាដា ដាណឺម៉ាក អង់គ្លេស បារាំង ស្វីស និងថៃ។
ចាប់ពីឆ្នាំ១៩៩០ ដល់ឆ្នាំ១៩៩៤ លោកក៏បានបម្រើការងារជាអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកការងារការពារការជួញដូរលើកុមារ អំពើពេស្យាចារលើកុមារ និងរូបភាពអាសអាភាសលើកុមារ។ នៅឆ្នាំ២០០៤ គាត់បានទទួលពានរង្វាន់ពីអង្គការយូណេស្កូ (UNESCO) សម្រាប់ការអប់រំសិទ្ធិមនុស្ស។
ក្នុងឆ្នាំ២០០៤ លោក ម៉ុនថារប៊ន ក៏ធ្លាប់ត្រូវបានតែងតាំងជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកពីស្ថានភាពសិទ្ធិមនុស្ស នៅសាធារណរដ្ឋប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងត្បូង) ផងដែរ។ អាណត្តិរបស់គាត់ត្រូវបញ្ចប់នៅខែមិថុនា ឆ្នាំ២០១០ ប៉ុន្តែអំឡុងពេលកាន់តួនាទីនេះ កូរ៉េខាងជើង បានបដិសេធម្តងហើយម្តងទៀត ពីបំណងសុំជួបប្រជុំជាមួយគាត់។
លោក ម៉ុនថារប៊ន ក៏នៅមានតួនាទីផ្សេងៗទៀតពាក់ព័ន្ធនឹងអង្គការសហប្រជាជាតិ រួមមាន៖ ជាសមាជិកនៃគណៈកម្មាធិការជំនាញ ទទួលបន្ទុកលើការអនុវត្តអនុសញ្ញា និងផ្តល់អនុសាសន៍ នៃអង្គការអន្តរជាតិខាងការងារ (ILO)។ លោកក៏ជាអ្នកជំនាញ ឬក៏អាចហៅថាជាអ្នកផ្តល់ប្រឹក្សា ជាមួយការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) អង្គការស្បៀងអាហារ និងកសិកម្ម (FAO) អង្គការយូនីសេហ្វ ឬមូលនិធិបន្ទាន់សម្រាប់កុមារអន្តរជាតិរបស់អង្គការសហប្រជាជាតិ (UNICEF) អង្គការយូណស្កូ ឬអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) អង្គការសុខភាពពិភពលោក (WHO) និងសាកលវិទ្យាល័យអង្គការសហប្រជាជាតិ (UN University)។
ក្នុងឆ្នាំ២០១៨ លោក ម៉ុនថារប៊ន ទទួលបានពានរង្វាន់ពីមជ្ឈមណ្ឌលប៊ុនហាំ (Mark S. Bonham Centre) ក្នុងរដ្ឋតិចសាស សហរដ្ឋអាមេរិក លើការសិក្សាអំពីភាពចម្រុះខាងផ្លូវភេទ។ គាត់ថែមទាំងទទួលបានគ្រឿងឥស្សរិយយស Honorary Knight Commander ដែលជាមេដាយផ្នែកសិល្បៈ និងវិទ្យាសាស្ត្រ សម្រាប់អ្នកធ្វើការជាមួយអង្គការសប្បុរសធម៌ និងសុខុមាលភាព ពីស្តេចនៃចក្រភពអង់គ្លេសទៀតផង។
* តើនឹងមានអ្វីកើតឡើងសម្រាប់អាណត្តិរបស់លោក ម៉ុនថារប៊ុន នៅកម្ពុជា?
អ្នកតាមដានស្ថានការណ៍ និងវិភាគសង្គម ក៏ដូចជាបញ្ញាវ័នកម្ពុជា សុទ្ធតែបានរំពឹងទុកថា លោក ម៉ុនថារប៊ន នឹងធ្វើការងារដោយអព្យាក្រឹត្យភាព និងបានល្អជាងលោកស្រី រ៉ូណា ស្មីត។ ពួកគេលើកឡើងស្រដៀងគ្នាថា អ្នករាយការណ៍ថ្មីនេះ នឹងរាយការណ៍ពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដោយផ្អែកទៅលើស្ថានភាពជាក់ស្តែង និងចៀសវាងផ្អែកតែទៅលើរបាយការណ៍តែមួយជ្រុងតូច។
កន្លងមកលោកស្រី រ៉ូណា ស្មីត មិនសូវមានកិច្ចសហប្រតិបត្តិការល្អជាមួយរដ្ឋាភិបាលទេ ដោយសាររបាយការណ៍ភាគច្រើនរបស់គាត់ ហាក់ដូចជាឆ្លុះបញ្ចាំងតែទិដ្ឋភាពតែជ្រុងមួយ មិនព្យាយាមបង្ហាញពីវឌ្ឍនភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងបញ្ហាសិទ្ធិមនុស្សជាដើម។ ដោយសារលោក ម៉ុនថារប៊ុន ជាជនជាតិថៃ ដែលមានចំណេះដឹងច្រើនអំពីវប្បធម៌ខ្មែរ ដែលស្រដៀងទៅនឹងវប្បធម៌ថៃ ជាពិសេសវប្បធម៌នយោបាយខ្មែរ លោកអាចនឹងទទួលបានការយកចិត្តទុកដាក់ពិចារណា និងកិច្ចសហការល្អប្រសើរពីរដ្ឋាភិបាលកម្ពុជា។
សូមជម្រាបថា មុនទទួលបានការតែងតាំងជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ធុកសិទ្ធិមនុស្សនៅកម្ពុជាទី៧ លោក ម៉ុនថារប៊ុន បានសរសេរលើពាក្យសុំបំពេញមុខតំណែងនេះថា កម្ពុជាមានការរីកចម្រើនគួរឱ្យភ្ញាក់ផ្អើលនៅលើវិស័យជាច្រើន ចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដែលបានបញ្ចប់សង្គ្រាមស៉ីវិល ហើយប្រទេសនេះបានចុះហត្ថលេខាទទួលយកនូវសន្ធិសញ្ញាសំខាន់ៗជាច្រើន ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស។
លោកបញ្ជាក់ថា នៅពេលលោកកាន់តំណែងនេះ លោកនឹងផ្ដោតការយកចិត្តទុកដាក់លើបញ្ហាជាច្រើនពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ក្នុងនោះរួមមានផលប៉ះពាល់បណ្ដាលមកពីជំងឺកូវីដ១៩ លើទិដ្ឋភាពសិទ្ធិមនុស្សលម្ហប្រជាធិបតេយ្យ ពហុបក្សនិយម និងគោលការណ៍តុល្យភាពនៃអំណាចជាដើម៕