(ភ្នំពេញ)៖ លោក ស សុខា ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជាខេត្តព្រៃវែង និងលោកស្រី នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦នេះ បានដឹកនាំសមាជិកសមាជីកា ស ស យ ក ខេត្តព្រៃវែង ជាច្រើននាក់ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ នាយឧត្តមសេនីយ៍ ប៉េង ប៉ាត់ ស្វាមីរបស់លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ដោយបង្ហាញការស្តាយដ៏ក្រៀមក្រំ ចំពោះការបាត់មន្រ្តីជាន់ខ្ពស់ របស់រាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា សពរបស់នាយឧត្តមសេនីយ៍ ប៉េង ប៉ាត់ សមាជិកគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាស្វាមីរបស់ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច នឹងត្រូវរៀបចំពិធីបូជានៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦ នៅឈាបនដ្ឋានមុខវត្តបុទុមវត្តី រាជធានីភ្នំពេញ នេះបើយោងតាមលទ្ធផល នៃកិច្ចប្រជុំរបស់ព្រឹទ្ធសភា។
កិច្ចប្រជុំក្រុមការងារសម្រាប់ពិធីបូជាសព នាយឧត្តមសេនីយ៍ ប៉េង ប៉ាត់ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦ ម្សិលមិញ នាសាលប្រជុំពិសេសព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្រោមអធិបតីភាព លោក ជា ជេដ្ឋ ប្រធានគណៈកម្មការ ទី២ព្រឹទ្ធសភា។
សូមជម្រាបថា លោក ប៉េង ប៉ាត់ សមាជិកព្រឹទ្ធសភា និងជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ចនិងមុខងារសាធារណៈ ត្រូវជាឧត្ដមស្វាមីរបស់លោកស្រី ម៉ែន សំអន បានទទួលមរណភាព ដោយរោគាពាធ នៅម៉ោង ១៖៣៥នាទីរំលងអាធ្រាត ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦៕