(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចផ្អាកអាជីវកម្មបណ្ដោះអាសន្ននៅ អគារស្នាក់នៅរួមបុគ្គលិករោងចក្រកាត់ដេរសម្លៀកបំពាក់ វ៉ានធិជរីវើរ ថេកស្ថាយ ដែលមានទីតាំងស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ក្រោយរកឃើញបុគ្គលិកកើតជំងឺកូវីដ១៩។ នេះបើតាមលិខិតរបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១។
រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា កន្លងទៅមានបុគ្គលិកនៃរោងចក្រមួយនេះ បានផ្ទុកជំងឺកូវីដ១៩ ហើយគាត់បានមានទំនាក់ទំនងបំពេញការងារជាមួយ បុគ្គលិកផ្សេងទៀត។ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគន៍តម្រូវឲ្យម្ចាស់អាជីវកម្ម ផ្អាកជាបណ្ដោះអាសន្នការចេញ-ចូល ទីតាំងស្នាក់នៅរួមរបស់បុគ្គលិករោងចក្រជាបន្ទាន់ ដោយមិនអនុញ្ញាតឲ្យមានការចេញចូល។
ក្រុមការងាររដ្ឋបាលខេត្ត នឹងរៀបចំទីតាំងនេះជាមណ្ឌលចត្តាឡីស័ក ហើយក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត នឹងយកវត្ថុសំណាកពីអ្នករស់នៅក្នុងអគារស្នាក់នៅនោះទាំងអស់ ដើម្បីធ្វើតេស្ដរកជំងឺកូវីដ១៩។ ក្នុងន័យនេះ រដ្ឋបាលខេត្ត សម្រេចផ្អាកការចេញ-ចូលអគារនោះ ជាបណ្ដោះអាសន្ន និងដាក់ជាមណ្ឌលចត្តាឡីស័ក រយៈពេល១៤ថ្ងៃ៕