(បាត់ដំបង)៖ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដែលមានលោកបណ្ឌិត ប៊ុត គឹមស៊ាន ជាប្រធាន បានបើកយុទ្ធនាការផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ និងផ្សព្វផ្សាយវិធានការទប់ស្កាត់ការរីរាលដាលនៃជំងឺកូវីដ-១៩ ជូនអ្នកធ្វើដំណើរតាមផ្លូវសាធារណៈក្នុងក្រុងបាត់ដំបង នៅខាងមុខរង្វង់មូលលោកតាដំបងគ្រញូង។

ថ្លែងក្នុងឱកាសបើកយុទ្ធនាការនេះ លោកបណ្ឌិត ប៊ុត គឹមស៊ាន បានពាំនាំការសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំសួរសុខទុក្ខ ក្តីនឹករលឹក និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូ អ្នកគ្រូ ទីប្រឹក្សាយុវជន ក្មួយៗយុវជនកាកបាទក្រហមកម្ពុជា ដែលបានចូលរួមដោយស្ម័គ្រចិត្តចេញពីបេះដូងក្នុងយុទ្ធនាការផ្សព្វផ្សាយសារសុវត្ថិភាពចរាចរណ៍ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះរបស់ប្រជាពលរដ្ឋតាមដងផ្លូវឱ្យរួចផុតពីសេចក្តីស្លាប់ ពិការភាពនិងរងរបួសដោយសារឃាតកលាក់មុខគឺគ្រោះថ្នាក់ចរាចរណ៍ដែលជាគ្រោះមហន្តរាយបង្កឡើងដោយមនុស្ស ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។

ជាមួយគ្នានេះ លោកបណ្ឌិតបានអំពាវនាវនិងសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ថា សូមបន្តចូលរួមអនុវត្ត តាមការអំពាវនាវរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការទប់ស្កាត់ ការរីករាលដាល់ក្នុងសហគមន៍នៃការចម្លងវីរុសកូវីដ-១៩ នៅកម្ពុជា តាមរយៈការអនុវត្តនូវវិធានការ ជាបន្តបន្ទាប់ របស់ក្រសួង សុខាភិបាល ជាពិសេសការរក្សាអនាម័យ ដៃស្អាត ពាក់ម៉ាស (ក្នុងករណីចាំបាច់) ប្រើកន្សែងឬក្រមា ឬក្រដាសជូតមាត់សម្រាប់ខ្ទប់មាត់ពេលក្អក ឬកណ្តាស់ និងការរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាត សុវត្ថិភាព បុគ្គល ជាពិសេសជាមួយគ្នានេះដែលក្រុមការងារ សាខាបានធ្វើការណែនាំអំពីរបៀបរស់នៅធម្មតា តាមបែបគន្លងថ្មី និង វិធានការការពារការឆ្លងជំងឺកូវីដ-១៩ ៣កុំ និង៣ការពារ។

ទន្ទឹមនឹងនេះ សូមប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ គិតគូរពីសុវត្ថិភាពចរាចរណ៍ ត្រូវគោរពច្បាប់ ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនដើម្បីទប់ស្កាត់សោកនាដកម្មនៃគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានឡើងជារៀងរាល់ថ្ងៃ និងត្រូវរួមគ្នាថែរក្សាសន្តិភាពនិងរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុមរមនា។

ត្រូវចូលរួម ស្របតាមខ្លឹមសារគោលរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលមានខ្លឹមសារជាមូលដ្ឋានដូចខាង
ក្រោម៖

១៖ ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយាន។
យន្តជានិច្ច ពិសេសត្រួតពិនិត្យកង់ ចង្កូត ហ្វ្រាំង ភ្លើងបំភ្លឺ។
២៖ សូមកុំផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់។ ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករមិនត្រូវផ្ទុកអ្នកដំណើរ ឬកម្មករលើដំបូល។
៣៖ ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្ត។
៤៖ ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ចក្នុងពេលធ្វើដំណើរតាមរថយន្ត។
៥៖ ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច។
៦៖ មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត។
៧៖ មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬគ្រឿងញៀនជាដាច់ខាត។
៨៖ មិនត្រូវបត់ ឬវ៉ាជែង ក្នុងភាពប្រថុយប្រថាន ឬធ្វេសប្រហែស។
៩៖ មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកជាដាច់ខាត និងត្រូវមានអ្នកបើកបរបម្រុងសម្រាប់ប្តូរវេន។
១០៖ ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌យោគយល់អធ្យាស្រ័យ។
១១៖ ហាមការបាចទឹកលើអ្នកធ្វើដំណើរតាមដងផ្លូវ។

ក្នុងការងារផ្សព្វផ្សាយនេះ ក្រុមការងារចែកម៉ាសចំនួន ២០០បន្ទះ, ចែកខិតប័ណ្ណផ្នត់ចំនួន ២០០សន្លឹក, បិទខិត្តប័ណ្ណធំ អស់ចំនួន ៥០សន្លឹក និងប័ណ្ណប្រកាសខ្នាតតូច ចំនួន ២០០សន្លឹក និង សាប៊ូលាងដៃចំនួន ១៥៦ ដុំ ឯកសារ ផ្សព្វផ្សាយចរាចណ៍ផ្លូវគោកនិងសៀវភៅច្បាប់ចរាចណ៍ជាច្រើនទៀត៕