(តូក្យូ)៖ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក ហ្វ៊ូមីអូ គីស៊ីដា (Fumio Kishida) បានអំពាវនាវឲ្យប្រទេសកូរ៉េខាងជើង រក្សាការអត់ធ្មត់ និងទទួលយកដោយសម្រួលនូវដំណោះស្រាយ ដែលចេញដោយក្រុមប្រឹក្សាសន្តិសុខនៃ អង្គការសហប្រជាជាតិ (UNSC)។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃសុក្រ ទី០៤ ខែមីនា ឆ្នាំ ២០១៦។
លោក គីស៊ីដា បានថ្លែងពីជំហររបស់ជប៉ុនដូច្នេះថា «ទីក្រុងតូក្យូ ក្រៅពីមិនទទួលយកនូវកម្មវិធីនុយក្លេអ៊ែរ ព្រមទាំងមីស៊ីលរបស់កូរ៉េខាងជើងហើយនោះ សូម្បីតែមហិច្ឆិតានុយក្លេអ៊ែរនៃរដ្ឋកុម្មុយនិស្តមួយនេះ ក៏ជប៉ុនគ្មានថ្ងៃនឹង អាចទទួលយកបាននោះដែរ។ ដូច្នេះជប៉ុន ស្នើយ៉ាងទទូចឲ្យកូរ៉េខាងជើង អនុវត្តន៍ឲ្យបានពេញលេញទៅតាម ដំណោះស្រាយរបស់អន្តរជាតិ ដែលត្រូវបានអនុម័តជាផ្លូវការកាលពីថ្ងៃព្រហស្បតិ៍»។
គួរបញ្ជាក់ថា ប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយអង្គការសហប្រជាជាតិប្រកាសចេញ នូវទណ្ឌកម្មសេដ្ឋកិច្ច និង ពាណិជ្ជកម្មធ្ងន់ធ្ងរ ទៅលើកូរ៉េខាងជើង ទីក្រុងព្យុងយ៉ាងក៏បានប្រកាសយ៉ាងក្តែងៗនូវគម្រោង បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ត្រៀមទុកបាញ់ជាស្រេច ដើម្បីគម្រាមទៅកាន់សត្រូវរបស់ខ្លួន៕