(ស្ទឹងត្រែង)៖ នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង រួមទាំងថ្នាក់ដឹកនាំ មន្ទីរអង្គភាពជំនាញជុំវិញ បានចុះសួរសុខទុក្ខ និងនាំយកអំណោយគ្រឿងឧបភោគបរិភោគ និងថវិកា ដែលជាអំណោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ។
លោក ម៉ុម សារឿន បានយកមកប្រគល់ជូន កងកម្លាំងប្រតិបត្តិការសឹករងខេត្ត ឈរជើងតាមព្រំដែនកម្ពុជា-ឡាវ ដែលប្រចាំការ នៅចំណុចស្រែចំប៉ា ស្ថិតនៅភូមិណាអូង ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ និងកងកម្លាំងនគរបាលវរៈសេនាតូចការពារព្រំដែនគោក ៧០១ ឈរជើងតាមព្រំដែនកម្ពុជា-ឡាវ នៅចំណុចភូមិឧបសម្ព័ន្ធរិទ្ធីសែនជ័យពី ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ។
ក្នុងឱកាសនោះ លោក ម៉ុម សារឿន បាននាំបណ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេង ជូនកងកម្លាំងទាំងអស់ ដែលជានិច្ចកាលសម្តេច តែងតែគិតគូរពីសុខទុក្ខ គ្រប់កាលៈទេសៈ ពិសេសក្នុងគ្រាដែលប្រទេសបានកំពុងរងវិបត្តិពីមេរោគកូវីដ១៩។
លោកអភិបាលខេត្តបានរំលឹកដល់កងកម្លាំងទាំងអស់ថា ភារកិច្ចកងកម្លាំងនៅពេលនេះ ក្រៅពីចូលរួមទប់ស្កាត់កូវីដ១៩ ក៏មិនត្រូវភ្លេចការពារបូរណភាពទឹកដី និងគ្រប់បទល្មើសផ្សេងៗផងដែរ។ ទន្ទឹមនឹងកិច្ចការងារទាំងអស់ខាងលើ សូមចូលអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ របស់សម្តេចតេជោ និងវិធានសុខាភិបាល ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។
សូមបញ្ជាក់ផងដែរថា អំណោយជាគ្រឿងឧបភោគបរិភោគមកប្រគល់កងកម្លាំងប្រតិបត្តិការសឹករងខេត្ត រួមមាន៖ អង្ករ ចំនួន២.៥០០គីឡូក្រាម មីម៉ាម៉ា កេសធំ ចំនួន ២៤ កេស ត្រីខកំប៉ុង ចំនួន ២៤ កេស ទឹកស៊ីអ៉ីវ ចំនួន ២៤ កេស ទឹកត្រី ចំនួន ២៤ កេស ប្រហុកត្រី ចំនួន ៨០ គីឡូក្រាម ទឹកបរិសុទ្ធ ចំនួន ៨០ កេស ថវិកា ចំនួន ៤លានរៀល និងកងកម្លាំងនគរបាលវរៈសេនាតូចការពារព្រំដែនគោក ៧០១ រួមមាន៖ អង្ករ ចំនួន ១.៥០០ គីឡូក្រាម មីម៉ាម៉ា ចំនួន ១២ កេស ត្រីខកំប៉ុង ចំនួន ១២ កេស ទឹកស៊ីអ៉ីវ ចំនួន ១២ កេស ទឹកត្រី ចំនួន ១២ កេស ទឹកបរិសុទ្ធ ចំនួន ៦០ កេស ថវិកាចំនួន ២ លានរៀលផងដែរ៕