(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងផ្តល់អំណោយកាកបាទក្រហម ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ប្រមាណ ១២៦គ្រួសារ នៅស្រុកអង្គរជ័យ និងស្រុកបន្ទាយមាស។
លោកអភិបាលខេត្ត បានបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល និងក្រសួងមហាផ្ទៃ បានដាក់វិធានការណែនាំ ពិសេសសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលបានដាក់បទបញ្ជាណែនាំជាបន្តបន្ទាប់ ឱ្យរាជធានី ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នយកចិត្តទុកដាក់ខ្ពស់ចូលរួមសហការគ្នាឲ្យបានល្អ ដើម្បីប្រយុទ្ធប្រឆាំង និងបង្ការទប់ស្កាត់ជំងឺដ៏កាចសាហាវនេះ កុំឱ្យមានការឆ្លងរាលដាលលើសុខភាពប្រជាពលរដ្ឋបន្តទៀត។
លោកអភិបាលខេត្ត ក៏បានស្នើដល់អាជ្ញាធរ និងប្រជាពលរដ្ឋទាំងអស់ ត្រូវតែបង្កើនស្មារតីចូលរួមអនុវត្ត តាមបទបញ្ជានិងការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាវិធានការណែនាំរបស់ ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ និងសេចក្តីសម្រេច លេខ៤៤. សសររាជរដ្ឋាភិបាល ស្ដីពីការហាមឃាត់ ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេសជាបណ្ដោះអាសន្នរយៈពេលពីរសប្តាហ៍ ដែលបានចាប់អនុវត្តគិតពីម៉ោងសូន្យថ្ងៃទី៧ ខែមេសា ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។
លោក ជាវ តាយ ក៏បានក្រើនរំលឹក និងអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀត ដោយចូលរួមអនុវត្តតាមវិធាន ការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានគ្រប់ៗគ្នា និងវិធានការ ៣ការពារ (ពាក់ម៉ាសនៅទីសាធារណៈ លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល រក្សាគម្លាត សុវត្ថិភាពសង្គម ចាប់ពីមួយម៉ែត្រកន្លះឡើងទៅ) និង៣កុំ (កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ កុំប៉ះពាល់គ្នា) ក្នុងការចូលរួមទប់ស្កាត់ និងការពារជំងីកូវីដ-១៩។
លោកអភិបាលខេត្ត ក៏បានពាំនាំមកនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយកមន្ត្រី នៃកម្ពុជា និងជាប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំង និងជំងឺកវីដ១៩ ព្រមទាំងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ និងបានចែកជូនអំណោយដល់ពលរដ្ឋងាយរងគ្រោះទាំង១២៦គ្រួសារ។ ក្នុង១គ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ, ស្ករស១គីឡូក្រាម និងថវិកា២ម៉ឺនរៀល៕