(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងក្រុមការងារ បានអញ្ជើញចុះត្រួតពិនិត្យគោលដៅចរាចរណ៍បិទការ ធ្វើដំណើរឆ្លងខេត្តតាមក្រុងស្រុកដែលមានព្រំប្រទល់ ជាប់នឹងខេត្តកំពង់ចាម ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តកំពង់ឆ្នាំង ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ តាមសេចក្ដីសម្រេចលេខ ៤៤ ស.ស.រ របស់រាជរដ្ឋាភិបាល ស្ដីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសជាបណ្ដោះ អាសន្នដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ រយៈពេល១៤ថ្ងៃ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១។

ជាមួយគ្នានោះដែរលោក សុខ លូ បានលើកឡើងថា បន្ទាប់ពីទទួលបានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្តកំពង់ធំ បានប្រជុំដាក់ផែនការណែនាំភ្លាមៗ ដោយអនុវត្តជាធរមានចំពោះសេចក្តីសម្រេចនេះ ចាប់ពីម៉ោងសូន្យនៃថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ពីភូមិសាស្រ្តនៃខេត្តមួយ ទៅភូមិសាស្ត្រ នៃខេត្តមួយទៀត និងធ្វើការប្រជុំដាក់ផែនការជាបន្តបន្ទាប់ ដើម្បីអនុវត្តសេចក្តីសម្រេចនេះប្រកប ដោយប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់។

ចំពោះការបិទចរាចរណ៍នេះគឺត្រូវបានអនុគ្រោះលើការធ្វើចរាចរណ៍ ចំពោះរថយន្តដឹកទំនិញ រថយន្តសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គីភ័យ រថយន្តមន្ត្រីរាជការសាធារណៈ ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិដែលចុះបំពេញបេសកកម្ម ឬមានលិខិតបញ្ជាក់ពីប្រធានអង្គភាព ឬរថយន្ត អ្នកជំងឺ ដែលមានលិខិតបញ្ជាក់ពីមន្ទីរពេទ្យ។

អភិបាលខេត្តកំពង់ធំបន្ថែមទៀតថា សព្វថ្ងៃនេះព្រឹត្តិការណ៍២០កុម្ភៈ នៃការឆ្លងជំងឺកូវីដ១៩ ចូលទៅក្នុងសហគមន៍ នៅមិនទាន់មានការធូរស្រាលនៅឡើយទេ ហើយថ្មីៗនេះនៅក្នុងភ្នំពេញ មានការឆ្លងរីករាល ដាលកាន់តែច្រើនឡើងថែមទៀត។

ថ្ងៃនេះដែរ អភិបាលខេត្តកំពង់ធំ បានណែនាំបន្ថែមដល់កម្លាំងដែលកំពុងឈរជើងតាមគោលដៅ សូមអនុវត្តនូវកិច្ចការនេះឲ្យបានហ្មត់ចត់ ដូច្នេះសូមបងប្អូនមានការយោគយល់ និងអធ្យាស្រ័យ។

ជាមួយគ្នានេះ លោក សុខ លូ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅក្នុងដំណាក់កាល នេះប្រសិនបើមិនមានការចង់បាច់ទេ សូមកុំចេញក្រៅផ្ទះឲ្យសោះ និងសូមផ្អាកការធ្វើដំណើរកំសាន្តនៅគ្រប់ ទីកន្លែងទាំងអស់ ។

ម្យ៉ាងវិញទៀត នៅថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ សូមពុកម៉ែបងប្អូន លោកយាយ លោកតា ដែលមានបំណងយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅទីវត្តអារាម សូមប្រកាន់ខ្ជាប់ នូវវិធានការរបស់រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងសុខាភិបាល បីការពារ បីកុំ និងពីរចូលរួម ឲ្យបានខ្ជាប់ខ្ជួន ជាពិសេសរក្សានូវគម្លាតសុវត្ថិភាពបុគ្គល ត្រូវពាក់ម៉ាស នឹងយកទឹកអាកល់ ឬជែល យកតាមខ្លួនជានិច្ច ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីក រាលដាលជំងឺកូវីដ១៩។

ទន្ទឹមនឹងការចុះត្រួតពិនិត្យនោះលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងលោក ណែត សារី អភិបាលស្រុកស្ទោង លោកទាំងពីរនិងយកចិត្តទុកដាក់អនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ឱ្យទទួលបានជោគជ័យក្នុងរយៈពេល២សប្តាហ៍ នៅតាមគោលដៅរបស់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពិសេសការកាត់ផ្តាច់ខ្សែចម្លង ក្នុងព្រឹត្តិការណ៍សហគមន៍២០-កុម្ភៈ តាមរយៈការផ្អាកចរាចរណ៍ពីតំបន់មួយទៅកាន់តំបន់មួយទៀត។

គួរបញ្ជាក់ថា គោលដៅគោលដៅដែលបានដាក់ការត្រួតពិនិត្យមានចំនួន៧រួមមាន៖

*ស្រុកតាំងគោក២គោលដៅ ជាប់ខេត្តកំពង់ចាម
*ស្រុកបារាយណ៍១គោលដៅជាប់ខេត្តកំពង់ចាម
*ក្រុងស្ទឹងសែន ១គោលដៅ ជាប់ខេត្តកំពង់ឆ្នាំង
*ស្រុកប្រាសាទបល័្លង្ក២គោលដៅជាប់ខេត្តព្រះវិហារ
*ស្រុកស្ទោង១គោលដៅជាប់ខេត្តសៀមរាប៕