(ពោធិ៍សាត់)៖ មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងប្រតិកម្មខ្លាំងៗចំពោះក្រុមមនុស្សព្យាយាមសាបព្រោះព័ត៌មានអកុសលនានាជុំវិញវ៉ាក់សាំងកូវីដ១៩ ដែលកំពុងដំណើរការចាក់ជូនប្រជាពលរដ្ឋកម្ពុជា។ លោកទេសរដ្ឋមន្ត្រី ចាត់ទុកការព្យាយាមសាបព្រោះព័ត៌មានអាក្រក់លើវ៉ាក់សាំងរបស់ចិន គឺជាការបន្ទុចបង្អាក់ដល់ដំណើរការចាក់វ៉ាក់សាំង និងការប្រយុទ្ធប្រឆាំងជំងឺកូវិដ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងឱកាសអញ្ជើញចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនអតីតយុទ្ធជនកម្ពុជានៅក្នុងខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃសុក្រ ទី០៩ ខែមេសា ឆ្នាំ២០២១នេះ លោកទេសរដ្ឋមន្ត្រី គន់ គីម ដែលមានតួនាទីជាអនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានគូសបញ្ជាក់ថា វ៉ាក់សាំង គឺជាឧបករណ៍ថ្មីមួយដ៏មានសារសំខាន់ ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩។ ជាពិសេសការពារអាយុជីវិតប្រជាពលរដ្ឋពីការយាយីដោយជំងឺកូវីដ១៩ និងឈានទៅស្រោចស្រង់សេដ្ឋកិច្ចជាតិផងដែរ។
បើតាមលោក គន់ គីម ព្រោះតែមើលឃើញពីគុណតម្លៃរបស់វ៉ាក់សាំងចំពោះសុខុមាលភាពប្រជាពលរដ្ឋ និងស្រោចស្រង់សេដ្ឋកិច្ចពីជំងឺកូវីដ១៩នេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខនោះ ខិតខំស្វះស្វែងគ្រប់លទ្ធភាពទាំងផ្នែកថវិកាក្នុងការទិញ និងតាមយន្តការទំនាក់ទំនងការទូតរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។
លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់យ៉ាងដូច្នេះ «សម្តេចតេជោនាយករដ្ឋមន្ត្រី លោកបានខិតខំណាស់ ដើម្បីការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋពីជំងឺកូវីដ១៩ យើងបានបញ្ចេញថវិកាជាតិទៅទិញ ហើយតាមយន្តការការទូតយើងទទួលបានវ៉ាក់សាំង ពីរដ្ឋាភិបាលចិន និងសមាគមខូវ៉ាក់ ជាបន្តបន្ទាប់។ នេះគឺជាការខិតខំរបស់សម្តេចតេជោ ហ៊ុន សែន បើយើងមិនស្វះស្វែងរកទេយើងមិនអាចមានវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋនោះឡើយ ព្រោះគេកំពុងដណ្តើមគ្នាខ្លាំងណាស់»។
មកដល់ពេលនេះកម្ពុជាមានវ៉ាក់សាំងសរុបជាង ៣លានដូសហើយ កំពុងដំណើរការចាក់ជូនប្រជាពលរដ្ឋកម្ពុជា។ ក្នុងនោះ ១.៣លាន ជាវ៉ាក់សាំងស៊ីណូហ្វាមជំនួយរបស់រដ្ឋាភិបាលចិន, ១.៥លានដូស ជាវ៉ាក់សាំងស៊ីណូវ៉ាក់ ទិញពីក្រុមហ៊ុនចិន និងចំនួន ៣២៤,០០០ដូស ជាវ៉ាក់សាំងអាស្ត្រាហ្សេនីកា ជំនួយរបស់ខូវ៉ាក់។
ស្របពេលកម្ពុជាកំពុងពន្លឿនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដើម្បីការពារការរីករាលដាលជំងឺកូវីដ១៩នោះ មានក្រុមមនុស្សមួយចំនួន ដែលគេដឹងថាជាក្រុមមនុស្សប្រឆាំងរាជរដ្ឋាភិបាលដឹកនាំដោយក្រុមលោក សម រង្ស៉ី បានព្យាយាមបំផុសព័ត៌មានអាក្រក់ពីវ៉ាក់សាំង ធ្វើឱ្យប៉ះពាល់ជំនឿចិត្តរបស់ប្រជាពលរដ្ឋ។។
លោក គន់ គីម បានសម្តែងការសោកស្តាយជាខ្លាំងចំពោះភាពពិសពុលរបស់ក្រុមប្រឆាំង ដែលព្យាយាមបន្ទុចបង្អាក់ការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការពារអាយុជីវិតពលរដ្ឋខ្មែរពីការរាតត្បាតជំងឺកូវីដ១៩។
«នេះជាចេតនាដ៏អាក្រក់របស់ពួកគេ ពួកគេមិនគិតពីប្រយោជន៍រួមរបស់ជាតិ មិនគិតពីសុខភាព និងអាយុជីវិតពលរដ្ឋ ដែលកំពុងវាយប្រហារដោយជំងឺកូវីដ១៩ បែរជារារាំងពលរដ្ឋមិនឱ្យទៅចាក់វ៉ាក់សាំង។ នេះហើយបងប្អូនជាសារធាតុក្រុមប្រឆាំងក្បត់ជាតិ គឺគេធ្វើសព្វបែបយ៉ាង ដើម្បីតែជាតិយើងអន្តរាយ»។ លោកទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងនៅចំពោះមុខអតីតយុទ្ធជនកម្ពុជា ដែលចូលរួមចាក់វ៉ាក់សាំង។
ក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី បានអំពាវនាវដល់ពលរដ្ឋដែលកំណត់ឱ្យចាក់វ៉ាក់សាំង ត្រូវទៅចាក់វ៉ាក់សាំង ដើម្បីការពារអាយុជីវិតពីមច្ចុរាជកូវីដ១៩ ដោយមិនត្រូវជឿការញុះញង់ ការផ្សព្វផ្សាយអាក្រក់ណាមួយនោះឡើយ។
លោកទេសរដ្ឋមន្ត្រីបន្តថា វ៉ាក់សាំងទាំងពីររបស់ចិននាពេលបច្ចុប្បន្នបានចែកចាយទៅកាន់ប្រទេសលើពិភពលោកជាង ៨០ប្រទេសហើយ ហើយពលរដ្ឋជាង ១០០លាននាក់រួចហើយបានចាក់វ៉ាក់សាំង។ បន្ថែមពីលើនោះពលរដ្ឋកម្ពុជាជាង ៨១ម៉ឺននាក់រួចហើយ បានចាក់វ៉ាក់សាំង។
ក្នុងឱកាសអញ្ជើញពិនិត្យការចាក់វ៉ាក់សាំងជូនអតីតយុទ្ធជននេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសុខភាព និងចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដោយអនុវត្តតាមវិធានទាំងឡាយ ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា។ ជាពិសេសអនុវត្តតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន ៣កុំ (កុំចាប់ដៃ កុំចូលបន្ទប់បិទជិត កុំទៅកន្លែងជួបជុំ កុះករ) និង៣ការពារ (ពាក់ម៉ាស់ លាងដៃជាមួយសាប៊ូ ចែល អាល់កុល និងរក្សាគម្លាតចាប់ពី១.៥ម៉ែត្រឡើងទៅ)៕