(ភ្នំពេញ)៖ រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានទាំង ១០រួម និងស្នងការពាណិជ្ជកម្មសហគមន៍អឺរ៉ុប បានជួបជជែកពិភាក្សារកគន្លឹះពង្រីកទំហំពា ណីជ្ជកម្ម និងវិនិយោគឲ្យកាន់តែធំថែមទៀត ខណៈដែលឆ្នាំ២០១៥កន្លងទៅ ទំហំពាណិជ្ជកម្មអាស៊ាន និងសហគមន៍អឺរ៉ុបមានរហូត ដល់២០១ពាន់លានអឺរ៉ូ។
មន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងប្រាប់ Fresh News ពីទីក្រុងឈៀងម៉ៃ ប្រទេសថៃ ដែលរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន រួមនិងដៃគូពាក់ ព័ន្ធបើកកិច្ចប្រជុំចាប់ពីថ្ងៃទី០២-០៤ ខែមីនា ថា នៅរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល ដែលមានតួនាទីជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា រួមនិងរដ្ឋមន្រ្តីសេដ្ឋកិច្ចប្រទេសសមាជិកអាស៊ាន ដទៃទៀត បានបើកកិច្ចពិគ្រោះយោបល់ ជាមួយស្នងការពាណិជ្ជកម្មសហគមន៍អឺរ៉ុប លើកទី១៤។ កិច្ចពិគ្រោះយោបល់នេះ ដឹកនាំ ដោយលោកស្រី Khemmani Pholsena រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ និងលោកស្រី Cecilia Malmström ស្នង ការពាណិជ្ជកម្មសហគមន៍អឺរ៉ុប។
យោងតាមមន្រ្តីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា កិច្ចពិគ្រោះយោបល់នេះ បានពិភាក្សាលើបញ្ហាមួយចំនួនពាក់ព័ន្ធការអនុវត្តន៍កម្មវិធី ការងារពាណិជ្ជកម្ម និង វិនិយោគអាស៊ាន-សហគមន៍អឺរ៉ុប ឆ្នាំ២០១៥-២០១៦, លទ្ធផលការងារដែលបានអនុវត្តដោយអាស៊ាន និង សហគមន៍អ៊ឺរ៉ុប បូកសរុបរួមដោយឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងសហគមន៍អឺរ៉ុប និងទិសដៅអនាគត នៃទំនាក់ទំនងអាស៊ាន-សហ គមន៍អឺរ៉ុប រួមមាន លទ្ធភាពនៃការបន្តការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-សហគមន៍អឺរ៉ុប។
រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងស្នងការពាណិជ្ជកម្មសហគមន៍អឺរ៉ុប បានកត់សម្គាល់ឃើញថា ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ នៃ តំបន់ទាំងពីរមានភាពរឹងមាំ ហើយសហគមន៍អឺរ៉ុប ជាដៃគូពាណិជ្ជកម្ម និងលំហូរវិនិយោគផ្ទាល់ធំលំដាប់ទី២ របស់អាស៊ាន។
នៅឆ្នាំ២០១៥ ទំហំពាណិជ្ជកម្មរវាងអាស៊ាន និងសហគមន៍អឺរ៉ុប មានទឹកប្រាក់សរុប ២០១ពាន់លានយូរ៉ូ កើនឡើង ១១ភាគរយ ប្រៀបធៀបឆ្នាំមុន ដោយផ្អែកតាមស្ថិតិរបស់សហគមន៍អឺរ៉ុប។ នៅឆ្នាំ ២០១៤ លំហូរវិនិយោគផ្ទាល់ពីសហគមន៍អឺរ៉ុប បានកើនឡើង ៣១.៥ ភាគរយ ដែលមានទឹកប្រាក់សរុប ២៩.៣ ពាន់លានដុល្លារអាមេរិក ស្មើនឹង ២១.៥ ភាគរយ នៃលំហូរវិនិយោគផ្ទាល់សរុប ទៅកាន់អាស៊ាន។
រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងស្នងការពាណិជ្ជកម្មសហគមន៍អឺរ៉ុប បានផ្លាស់ប្តូរយោបល់គ្នាអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ និង ពិភពលោកនាពេលថ្មីៗ ព្រមទាំងបានបញ្ជាក់ឡើងវិញអំពីការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាង តំបន់ទាំងពីរ ឱ្យកាន់តែកើនឡើងខ្លំាងថែមទៀត៕