(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជូនពរសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងឈានមកដល់នៅសប្តាហ៍ក្រោយនេះ។
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ សម្តេចតេជោ ហ៊ុន សែន និងមន្ត្រីរាជការទូទាំងប្រទេស សម្តែងនូវសេចក្តីសោមនស្សរីករាយឥតឧបមាចូលរួមជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់យ៉ាងចំពោះ សម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភានៃ ព្រះរាជាណាចក្រកម្ពុជា និងសម្តេចធម្មវិសុទ្ធវង្សា សូមបានសមប្រកបទៅដោយបញ្ញាញាណភ្លឺថ្លា កាយពលរឹងមាំ សុខភាពល្អបរិបូណ៌ ជន្មាយុយឺនយូរតរៀងទៅ ដើម្បីដឹកនាំរដ្ឋសភាដែលជាស្ថាប័ននីតិប្បញ្ញត្តិនៃ ព្រះរាជាណាចក្រកម្ពុជាឱ្យទទួលបាននូវស្នាដៃថ្មីៗជាច្រើនថែមទៀតក្នុងការរួមចំណែកស្តារ អភិវឌ្ឍ និង កែទម្រង់រដ្ឋស៊ីជម្រៅលើគ្រប់វិស័យ ព្រមទាំងសម្រេចបាននូវសមិទ្ធផលនានា ដើម្បីវឌ្ឍនភាពជាតិមាតុភូមិ កម្ពុជាជាទីស្រឡាញ់នៃយើងទាំងអស់គ្នា។
ឆ្លៀតក្នុងឱកាសដ៏នក្ខត្តឫក្សប្រសើរថ្លៃថ្លានេះ សម្តេចតេជោ ហ៊ុន សែន និងមន្ត្រីរាជការទាំងអស់ លើកហត្ថបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ពិសេសទេវតាថែរក្សាឆ្នាំថ្មី ឆ្នាំឆ្លូវ ត្រីស័ក ព្រះនាមមណ្ឌាទេវី សូមព្រះអង្គតាមជួយអភិបាលនូវសព្ទសាធុការពរជ័យគ្រប់ប្រការ ចំពោះសម្តេចអគ្គមហាពញាចក្រី និងសម្តេចធម្មវិសុទ្ធវង្សា ព្រមទាំងបុត្រាបុត្រី បុត្រប្រសា ចៅប្រុស ចៅស្រីជាទីស្រឡាញ់ សូមបានសមប្រកបដោយពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តកុំបីឃ្លៀងឃ្លាតឡើយ៕