(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំរបស់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងក្រុមការងារ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ បានចុះផ្សព្វផ្សាយដោយចែកស្ទីកឃ័រប្រមាណជាង ៧,០០០សន្លឹក ដើម្បីអប់រំប្រជាពលរដ្ឋ ក្រុមហ៊ុន អាជីវករ នៅផ្សារ និងតាមលំនៅដ្ឋានឱ្យបានស្វែងយល់ ទាក់ទងទៅនឹងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
លោក វ៉ី សំណាង បានឱ្យដឹងថា ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្សព្វផ្សាយអំពីខ្លឹមសារសំខាន់ៗ ទាក់ទងទៅនឹងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ឲ្យមានប្រសិទ្ធិភាព រដ្ឋបាលខេត្តកំពង់ស្ពឺបានប្រគល់ស្ទីកឃ័រ (sticker) ចំនួន ៧,០០០សន្លឹក ដល់ក្រុង-ស្រុកទាំង០៨ សម្រាប់បិទលើម៉ូតូ និងរថយន្ត និងទីសាធារណៈ ដែលមានខ្លឹមសារទាក់ទងទៅនឹងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាពិសេសគឺអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មាន (៣កុំ ៣ការពារ )។
លោក វ៉ី សំណាង ក៏បានសុំណូមពរឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជម្ងឺដ៏កាចសាហាវនេះ ត្រូវធ្វើអនាម័យឲ្យបានជាប្រចាំ ក្នុងនោះពាក់ម៉ាស់ បាញ់អាកុល លាងដៃ និងមិនត្រូវប្រមូលផ្តុំគ្នាច្រើន មិនចាំបាច់សូមបងប្អូនសម្ងំក្នុងផ្ទះ ឬធ្វើចត្តាឡីស័ក្កដោយខ្លួនឯង ជៀសវាងការឆ្លងមេរោគខាងលើនេះ។ យុទ្ធនាការនេះធ្វើឡើង ក្នុងគោលបំណងដាស់តឿនស្មារតី ប្រជាពលរដ្ឋកុំឲ្យភ្លេចខ្លួន ពីជម្ងឺដ៏កាចសាហាវ ដែលបានសម្លាប់មនុស្សរាប់លាន នៅទូទាំង ពិភពលោក ហើយមិនតែប៉ុណ្ណោះ បានឆ្លងរីករាលដាលយ៉ាងឆាប់រហ័សនៅជុំវិញសកលលោកផងដែរ។
សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៣,៦០៤នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ៣ ០៧២នាក់, អ្នកជាសះស្បើយចំនួន ១៩៨៤នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន១៥៩១នាក់, អ្នកស្លាប់ចំនួន ២៤នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ១៩ចំនួន ៥នាក់៕