(ភ្នំពេញ)៖ នៅទីស្តីការក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ មានរៀបចំកិច្ចប្រជុំលើកទី២ របស់គណៈកម្មការគោល នយោបាយ សម្រាប់កម្មវិធីឆ្លើយតប នឹងការរីករាលដាល នៃជំងឺកូវីដ-១៩ និងការស្តារសម្បទា សេដ្ឋកិច្ចឡើងវិញ ហៅកាត់ថា CARES តាមប្រព័ន្ធវីដេអូ។
កិច្ចប្រជុំនេះ ដឹកនាំដោយលោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Ahmed Muneeb Saeed អនុប្រធានធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) ដែលជាសហប្រធាន នៃគណៈកម្មការគោលនយោបាយ CARES ដោយមានការអញ្ជើញ ចូលរួមពីមន្រ្តីជាន់ខ្ពស់ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ របស់រាជរដ្ឋាភិបាល ដែលជាសមាជិក សមាជិកា នៃគណៈកម្មការ គោលនយោបាយនេះ និងតំណាងទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា(JICA) និងមូលនិធិសហប្រតិបត្តិការ អភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) ផងដែរ។
លោក វង្សី វិស្សុត បានថ្លែងថា កម្ពុជាកំពុងប្រឈមនឹងការរីករាលដាល នៃជំងឺកូវីដ-១៩ នៃព្រឹត្តិការសហគមន៍២០កុម្ភៈ ដែលបានធ្វើឱ្យចំនួន អ្នកឆ្លងមានការកើនឡើងជាបន្តបន្ទាប់ និងមានករណីអ្នកស្លាប់ផងដែរ។ លោកបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការទប់ស្កាត់ ការរីករាលដាលមេរោគកូវីដ១៩ គឺជាការងារអាទិភាពធំបំផុត។
ជាក់ស្តែង ចាប់តាំងពីការរាតត្បាតដំបូង នៃជំងឺកូវីដ១៩ មកម្ល៉េះ, រាជរដ្ឋាភិបាលតែងបាន យកចិត្តទុកដាក់ និងផ្តល់អាទិភាពយ៉ាងខ្លាំងបំផុតលើ៖
*ទី១៖ ការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩ ដើម្បីទប់ស្កាត់ការឆ្លង និងការពារអាយុជីវិត របស់ប្រជាជន
*ទី២៖ ការរក្សាលំនឹងជីវភាពប្រជាជន ពិសេសសម្រាប់ប្រជាជនក្រីក្រ ក្រុមជនងាយរងគ្រោះ និងអ្នកបាត់បង់ការងារ
*ទី៣៖ ការខិតខំជួយ ឱ្យអស់លទ្ធភាព ដើម្បីជួយឱ្យធុរកិច្ច និងអាជីវកម្មអាចរស់បាន និងរក្សាការងារ ពិសេសការរក្សា និងជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក
*ទី៤៖ ការរក្សាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ, ស្ថិរភាពសង្គម និងស្ថិរភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ទន្ទឹមនឹងនេះដែរ ដើម្បីបង្ការការឆ្លង រីករាលនៃជំងឺកូវីដ-១៩, កម្ពុជា ក៏បានអនុម័តច្បាប់ ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយ គ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងបានដាក់ចេញ នូវវិធានការចាំបាច់មួយ ចំនួនផ្សេងទៀត ដូចជា៖ វិធានការសុខាភិបាល, វិធានការរដ្ឋបាល, ការហាមឃាត់ការ ធ្វើដំណើរ និងការបិទរមណីយដ្ឋាន ទេចរណ៍ទូទាំងប្រទេស និងការដាក់បំរាមគោចរ ព្រមទាំងនីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាល អ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ។
ជាមួយគ្នានេះដែរ កម្ពុជាក៏ចាប់ផ្តើម កម្មវិធីចាក់វ៉ាក់សំាងបង្ការ ជំងឺកូវីដ-១៩ ស្របទៅតាមផែនការ ចាក់វ៉ាក់សាំង និងផែនការលទ្ធកម្មវ៉ាក់សាំង របស់ខ្លួន ដែលគិតមកទល់នឹងពេលនេះ កម្ពុជា បានទទួលវ៉ាក់សាំងចំនួន ៣១២៤ ០០០ ដូស និងបានចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋជាង ៨០០ ០០០ នាក់ ដែលស្មើនឹងប្រមាណ ៨% នៃចំនួនប្រជាពលរដ្ឋ ក្រុមគោលដៅប្រមាណ ១០លាននាក់។
លោក វង្សី វិស្សុត បានលើកឡើងផងដែរថា នៅក្នុងក្របខណ្ឌ នៃផែនការស្តារសេដ្ឋកិច្ចកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ-១៩, រាជរដ្ឋាភិបាល បានវិភាជន៍ថវិកាប្រមាណ ១,១៦ ប៊ីលានដុល្លារ អាមេរិក ក្នុងឆ្នាំ២០២០ កន្លងទៅ (ដោយក្នុងនោះថវិកា ប្រមាណ ៨២៩ លានដុល្លារ ត្រូវបានបើកផ្តល់រួចហើយ) និងប្រមាណជាង ៧១៩ លានដុល្លារអាមេរិកទៀត ក្នុងឆ្នាំ២០២១នេះ។
ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំដាក់ចេញនូវផែនការ ស្តារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០២១-២០២៣ ដោយផ្តោតសំខាន់លើអភិក្រមចំនួន៣ រួមមាន៖
*ទី១ ៖ ការងើបឡើងវិញ និងការរស់រាន (Revival and Survival) ដើម្បីបន្តទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ដើម្បីការពារអាយុជីវិត របស់ប្រជាជន និងរក្សាលំនឹងជីវភាពរបស់ប្រជាជន ក៏ដូចជាដើម្បីធ្វើឱ្យសេដ្ឋកិច្ច អាចរស់រានបាន ព្រមទាំងដើម្បីស្តារមូលដ្ឋានគ្រឹះ នៃកំណើនសេដ្ឋកិច្ច ឱ្យអាចវិលត្រឡប់ទៅកាន់គន្លង នៃកំណើនខ្ពស់ឡើងវិញ
*ទី២៖ ការកែទម្រង់ជារចនាសម្ព័ន្ធ ដើម្បីប្រែក្លាយវិបត្តិ ទៅជាកាលានុវត្តភាព ដោយផ្តោតលើការធ្វើពិពិធកម្ម និងពង្រឹងការប្រកួត ប្រជែងសេដ្ឋកិច្ច ព្រមទាំងការជំរុញ និងអភិវឌ្ឍឌីជីថលូបនីយកម្ម
*ទី៣៖ ការលើកកម្ពស់ភាពធន់ (Resilience) ទាំងក្នុងវិស័យសាធារណៈ, វិស័យឯកជន និងទាំងជាសេដ្ឋកិច្ច, ធនធានលំហរថវិកា, វិស័យហិរញ្ញវត្ថុ ទាំងយន្តការឆ្លើយតបវិបត្តិ និងការបង្កើតប្រភពហិរញ្ញប្បទានក្នុងស្រុក, ប្រព័ន្ធគាំពារសង្គម និងសុខាភិបាល ព្រមទាំងការអភិវឌ្ឍ ធនធានមនុស្ស និងការលើកកម្ពស់ ការអភិវឌ្ឍបៃតង ដើម្បីបន្ស៊ាំនឹងការ ប្រែប្រួល អាកាសធាតុ ក្នុងគោលដៅ ដើម្បីពង្រឹងការត្រៀមខ្លួន របស់កម្ពុជាទៅនឹងវិបត្តិ ដែលនឹងអាចកើតឡើង នាពេលអានាគត។
លោក Ahmed Muneeb Saeed ក្នុងនាម ADB បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ នៃការរីករាលដាល នៃជំងឺកូវីដ១៩ ជាពិសេសភាពការខិតខំប្រឹងប្រែង ក្នុងស្មារតីបុរេសកម្ម របស់កម្ពុជា ក្នុងការទទួលបាននូវវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ និងបានចាប់ផ្តើមនូវកម្មវិធីចាក់វ៉ាក់សាំងក្នុងសន្ទុះមួយដ៏លឿន។ ជាមួយគ្នានេះ លោក Ahmed Muneeb បានបន្តថា ADB នឹងបន្តពង្រឹងភាព ជាដៃគូជាមួយកម្ពុជា ក្នុងការគាំទ្រការអភិវឌ្ឍ និងស្តារសេដ្ឋកិច្ចឡើងវិញ។
កិច្ចប្រជុំបានធ្វើការពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាព នៃការអនុវត្តកម្មវិធីផ្នែកសុខាភិបាល, ជំនួយសង្គម, និងការទ្រទ្រង់សេដ្ឋកិច្ច នៃកម្មវិធីឆ្លើយតប នឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ (CARES)។
អង្គប្រជុំក៏បានធ្វើការពិភាក្សា លើបញ្ហាមួយចំនួន នៅក្នុងការអនុវត្តកម្មវិធី ដែលបានលើកឡើង ដោយក្រសួង ស្ថាប័នពាក់ព័ន្ធ ដូចជា លទ្ធភាព នៃការទទួលបានឥណទាន របស់វិស័យឯកជន ដែលនៅតែជាបញ្ហាចម្បង ដែលជាហេតុធ្វើអោយមាន ភាពប៉ះពាល់ខ្លាំងដល់ការងារជំរុញ E-COMMERCE ដែលជាគន្លឹះក្នុងការងារស្តារសេដ្ឋកិច្ចឡើងវិញ របស់កម្ពុជា និងវិធានការណ៍កំណែទម្រង់ ដើម្បីជួយវិស័យឧស្សាហកម្ម ឱ្យងើបឡើងវិញ ព្រមទាំងបញ្ហា Big Data។
ទន្ទឹមនឹងនេះ អង្គប្រជុំក៏បានធ្វើការពិភាក្សា និងផ្លាស់ប្តូរមតិលើប្រធានបទមួយ ចំនួនទៀត ដូចជា បញ្ហាហិរញ្ញប្បទាន តាមខ្សែសង្វាក់តម្លៃ (Value Chain Financing) ក្នុងវិស័យអាទិភាព ពិសេសសម្រាប់សហគ្រាសធុនតូច និងមធ្យម, ការពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ការអភិវឌ្ឍវិស័យទេសចរណ៍ និងការអភិវឌ្ឍហេដ្ឋារចនាសម័្ពន្ធ បៃតង (Green Infrastructure) ពិសេសនៅតាមទីក្រុង ដោយគិតគូរ ទាំងប្រភពទុន ក្នុងការវិនិយោគ និងយន្តការស្រងថ្លៃដើម (Cost recovery) ព្រមទាំងនិន្នាការ នៃវិស័យឧស្សាហកម្ម និងបច្ច័យមកលើកម្ពុជា។
គួរបញ្ជាក់ថា កម្មវិធីឆ្លើយតប នឹងការរីករាលដាលនៃជំងឺកូវីដ១៩ និងការស្តារសម្បទា សេដ្ឋកិច្ចឡើងវិញ (CARES) ដែលមានទឹកប្រាក់សរុបប្រមាណ ២៥០ លានដុល្លារអាមេរិក និងការចូលរួមបដិភាគរបស់ JICA ប្រមាណ ២៣៨ លានដុល្លារអាមេរិក និងមូលនិធិ EDCF របស់សាធារណរដ្ឋកូរ៉េប្រមាណ ៥០ លានដុល្លារអាមេរិកទៀត ដើម្បីជួយគាំទ្រ ដល់ការអនុវត្តកម្មវិធី CARES នេះ៕