(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្វាយសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងឈានមកដល់នៅសប្តាហ៍ក្រោយនេះ។

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ សម្តេចតេជោ ហ៊ុន សែន តាងនាមរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការទូទាំងប្រទេស សូមព្រះបរមរាជានុញ្ញាតសម្តែងនូវអំណរសាទរ ឥតឧបមា និងចូលរួមថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរគ្រប់ប្រការ ចំពោះសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រកបដោយកតញ្ញូតាធម៌ និងកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុត ដែលព្រះអង្គបានចំណាយព្រះរាជបញ្ញាញាណ និងព្រះកាយពល ក្នុងវិស័យ ព្រះពុទ្ធសាសនា អប់រំសិក្សាធិការ និងសង្គមកិច្ច ជាពិសេសព្រះអង្គតែងមានទឹកព្រះទ័យជ្រះថ្លាបរិសុទ្ធទ្រង់ ប្រោសព្រះរាជទានព្រះរាជទ្រព្យយ៉ាងច្រើនជាបន្តបន្ទាប់ជួយក្នុងវិស័យមនុស្សធម៌ សុខុមាលភាព និងជីវភាព រស់នៅរបស់ប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជារយៈកាលកន្លងមក។

ក្នុងឱកាសដ៏មហាមង្គលាភិរម្យឧត្តុង្គឧត្តមថ្លៃថ្លានេះ សម្តេចតេជោ ហ៊ុន សែន ព្រមទាំងមន្ត្រីរាជការទាំងអស់ សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណម្យបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ពិសេសបុណ្យបារមីព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងទេវតាថែរក្សាឆ្នាំថ្មី ឆ្នាំឆ្លូវ ត្រីស័ក ព្រះនាមមណ្ឌាទេវី សូមព្រះអង្គតាមជួយបីបាច់ថែរក្សាអភិបាលប្រោះព្រំ នូវព្រះសព្ទសាធុការពរជ័យគ្រប់យ៉ាង ចំពោះសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គទ្រង់ ប្រកបដោយព្រះបញ្ញាញាណភ្លឺថ្លា ព្រះកាយពលរឹងមាំ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយ ព្រះវស្សាចាកផុតពីព្រះរោគាព្យាធិនានា និងសមប្រកបដោយព្រះពុទ្ធពរដ៏ប្រពៃថ្លៃថ្លាទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជាភិយ្យោភាពតរៀងទៅ៕