(សៀមរាប)៖ ដោយមើលឃើញនូវកិច្ចខិតខំប្រឹងប្រែង ប្រកបដោយកិត្តិយស កេរ្តិ៍ឈ្មោះ និងមហាពលីកម្មដ៏ខ្ពង់ខ្ពស់របស់លោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ (Dr. Beat Richner) ប្រធាននិងជាស្ថាបនិក នៃមន្ទីរពេទ្យគន្ធបុប្ផា ក្នុងរយៈពេលជាងពីរទសវត្សកន្លងមកនេះ ដែលលោកបានចំណាយពេលវេលាក្នុងការខិតខំ ប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត រហូតដល់មានពលរដ្ឋខ្មែរខ្លះ បានដាក់រហស្សនាម ថា «គ្រូពេទ្យទេវតា» នោះ បានកសាង និងបន្សល់នូវសមិទ្ធផលជាស្នាដៃយ៉ាងច្រើន ក្នុងវិស័យសុខាភិបាល លើការផ្ដល់សេវា ពិនិត្យ ព្យាបាល វៈកាត់ជម្ងឺ ស្រោចស្រង់ជីវិតជូនមាតា ទារក និងកុមារកម្ពុជា បានរាប់សែន/លាននាក់ទាំងមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងនៅសៀមរាប ដែលប្រកបដោយបរិមាណ គុណភាព និងប្រសិទ្ធិភាពខ្ពស់ ទន្ទឹមនិងនោះគឺនៅមានសមិទ្ធផលថ្មីៗជាច្រើនបន្ថែមទៀត ទាំងហេដ្ឋារចនាសម្ព័ន្ធ ទាំងសមត្ថភាពបុគ្គល ការគ្រប់គ្រង និងឧបករណ៍វេជ្ជសាស្ត្រ ផងដែរ នាពេលបច្ចុប្បន្ននេះ ។
ដោយមើលឃើញនូវកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធិផលទាំងអស់នេះហើយ ទើបក្នុងនាមរដ្ឋាភិបាល និងក្នុងនាមក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាដោយផ្ទាល់ជាមួយលោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ ប្រធាននិងជាស្ថាបនិក នៃមន្ទីរពេទ្យគន្ធបុប្ផា និងដើម្បីបានសិក្សាស្វែងយល់ ពិនិត្យមើលដោយផ្ទាល់នូវរាល់សមិទ្ធិផលជាហេដ្ឋារចនាសម្ព័ន្ធជារូបវន្ដ ទាំងសមត្ថភាពមន្ត្រី បុគ្គល ការគ្រប់គ្រង ការពិនិត្យ ព្យាបាល ការវៈកាត់ ការប្រើប្រាស់និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រ និងសមិទ្ធិផលនានារបស់មន្ទីពេទ្យមួយនេះ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦នេះ ។
បើតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ បានឲ្យដឹងថា មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅភ្នំពេញ និងនៅសៀមរាប ក្នុងរយៈពេលជាងពីរទសវត្សនេះ គឺបានកសាង និងពង្រីក ពង្រឹងនូវសមិទ្ធិផលបន្ថែមជាច្រើន ទាំងសមត្ថភាពមន្ត្រី បុគ្គល ការគ្រប់គ្រង ការផ្ដល់សេវា ការពិនិត្យ ព្យាបាល ការវៈកាត់ ជូនអ្នកជម្ងឺ រួមទាំងការបំពាក់នូវឧបករណ៍វេជ្ជសាស្ត្រថ្មីៗនិងទំនើបជាច្រើនទៀត ហើយក្នុងនោះ គឺការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធ ដូចជាអគារថ្មីៗមួយចំនួនទៀត ផងដែរ ពិសេសនៅមន្ទីរពេទ្យខេត្តសៀមរាប នាពេលបច្ចុប្បន្ននេះ ដើម្បីឆ្លើយតប និងបំពេញនូវតម្រូវការជាក់ស្ដែងខាងផ្នែកសេវាសុខភាព ជូនប្រជាពលរដ្ឋកម្ពុជា ពិសេស កុមារ មាតា និងទារក ។
ជាក់ស្ដែងនៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប នាពេលនេះ គឺសម្រេចបានការសាងសង់ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រថ្មីទំនើប សម្រាប់អគារសម្ភពថ្មីមួយទៀត ដែលមានលទ្ធភាព ពិនិត្យ ព្យាបាល វៈកាត់ជូនស្រ្ដី ដែលជាមាតាមកសម្រាក និងសម្រាលកូន នៅក្នុងមន្ទីរពេទ្យនេះ គឺមានបន្ទប់សម្ភព (សម្រាលកូន) ៤បន្ទប់ ស្មើនឹង ៨គ្រែ, មានបន្ទប់សម្ភពសម្រាប់វៈកាត់ ចំនួន ១បន្ទប់ ស្មើនឹង ២គ្រែ, និងមានបន្ទប់សម្រាក ក្រោយពេលសម្រាលកូនរួច មានសរុបចំនួន ៤០បន្ទប់ ស្មើនឹង ៨០គ្រែ។ ហើយសមិទ្ធផលទំនើប ទាំងនោះ ក៏នៅមានដូចជា ម៉ាស៊ីនពិនិត្យនិងវិនិច្ឆ័យបេះដូង ដែលមានលទ្ធភាព ថតម្ដងៗ បាន ១២៨ស្លៃយ៍ សម្រាប់ធ្វើការការវិភាគ និងធ្វើរោគវិនិច្ឆ័យ ជាមួយនោះក៏នៅមានបំពាក់ម៉ាស៊ីន វះកាត់ ព្យាបាលបេះដូងដ៏ទំនើប ផងដែរ។
បើតាមរបាយការណ៍នៅលើគេហ៍ទំព័របណ្ដាញសង្គមរបស់ លោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ បានបង្ហាញថា សម្រាប់តែក្នុងខែកុម្ភៈ ឆ្នាំ២០១៦នេះ នៅមន្ទីរពេទ្យគន្ធបុប្ផា គឺមានកុមារឈឺចំនួន ៦០,៩៣២នាក់ ត្រូវបានពិនិត្យព្យាបាល នៅក្នុងផ្នែកពិគ្រោះជម្ងឺក្រៅ។ និងមានកុមារឈឺធ្ងន់ៗចំនួន ១១,៤៧៦នាក់ ត្រូវបានឲ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ ជាមួយគ្នានេះដែរក្នុងខែដដែលនេះ គឺមន្ទីរពេទ្យបានវះកាត់ទូទៅបានចំនួន ១,៧៣១ករណី ចាក់វ៉ាក់សាំងប្រឆាំងនិងជម្ងឺរលាកខួក្បាលដោយវីវុសជប៉ុន (JEV) បានចំនួន ២២,០១៩ដូស។ ហើយនៅមន្ទីរសម្ភព នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ របស់មន្ទីរពេទ្យគន្ធបុប្ផា សៀមរាប មានស្រ្ដីមានផ្ទៃពោះ ចំនួន ១៣,៣២៨នាក់ បានមកពិនិត្យតាមដានផ្ទៃពោះ ក្នុងនោះសម្រាលកូនបានចំនួន ១,៧៣១នាក់ ផងដែរ ៕