(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានសម្រេចយកវិទ្យាល័យ ជា ស៉ីម សាមគ្គី ជាកន្លែងសម្រាប់ព្យាបាលអ្នកកើតជំងឺកូវីដ១៩ ក្រោយសន្ទុះនៃការឆ្លងរីករាលដាលនៅរាជធានីភ្នំពេញ កាន់តែខ្លាំង។
នៅរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ លោក ឃួង ស្រេង បានដឹកនាំមន្ដ្រីជំនាញ ពិសេសមន្ដ្រីសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីរៀបចំទីតាំងវិទ្យាល័យមួយនេះ ជាកន្លែងសម្រាកព្យាបាល ដែលមានចំនួន២០០គ្រែ។
គួរជម្រាបថា ក្រសួងសុខាភិបាល នៅ រសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់ ៥៧៦នាក់ ដែលភាគច្រើនបំផុតជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន៧០នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
គិតត្រឹមថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៣ ៦០៤នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ៣ ០៧២នាក់, អ្នកជាសះស្បើយចំនួន ១៩៨៤នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន១៥៩១នាក់, អ្នកស្លាប់ចំនួន ២៤នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ១៩ចំនួន ៥នាក់៕