(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦នេះ តុលាការកំពូល បើកសវនាការជំនុំជម្រះ លោក ចែម សង្វារ អតីតអគ្គាធិការ នៃអគ្គាធិការដ្ឋាន អធិការកិច្ច ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយជាប់ចោទពីបទប្រព្រឹត្តអំពើពុករលួយទឹកប្រាក់ប្រមាណ៧០ម៉ឺនដុល្លារអាមេរិក។ មន្ត្រីតុលាការកំពូល ថ្លែងថា សវនាការនេះដឹកនាំដោយលោក ឃឹម ប៉ុណ្ណ អនុប្រធានតុលាការកំពូល និង លោក នៅ មុនីជោត ជាតំណាងមហាអយ្យការ ។
លោក ចែម សង្វារ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ និង សាលាឧទ្ធរណ៍ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៧ឆ្នាំ និងពិន័យ២០ម៉ឺនដុល្លារ ព្រមទាំងរឹបអូសទ្រព្យសម្បត្តិចំនួន៥០ម៉ឺនដុល្លារអាមេរិក ថែមទៀតផង ។ លោក ចែម សង្វារ ជាប់ចោទពីបទ គៃបំបាត់ធ្វើដោយអ្នករាជការ និងបទ មិនប្រកាសទ្រព្យសម្បត្តិ និងបំណុល (ប្រកាសមិនត្រឹមត្រូវ) និងមានទ្រព្យដោយខុសច្បាប់ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០០៨ ឆ្នាំ២០១១ និង ឆ្នាំ២០១៣ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អង្គភាពប្រឆាំងអំពើពុករលួយ ( ACU ) លេខ០១៤/១៤ សជណ ចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៤ បង្ហាញថា លោក ចែម សង្វារ បានបើកប្រាក់ធានាប្រតិបត្តិការចំនួន១០ម៉ឺនដុល្លារអាមេរិក របស់ក្រុមហ៊ុនទូរស័ព្ទមួយ ពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ការប្រកាសមិនត្រឹមត្រូវអំពីទ្រព្យដែលខ្លួនមាន ព្រមទាំងភាពមិនអាចពន្យល់បាននៃលុយដុល្លារក្រៅធនាគារចំនួន៥០ម៉ឺនដុល្លារអាមេរិក ដែលបានកើតឡើងក្នុងការប្រកាសទ្រព្យសម្បត្តិ និងបំណុល កាលពីឆ្នាំ២០១១ និង ឆ្នាំ២០១៣។
គួរបញ្ជាក់ថា លោក ចែម សង្វារ ត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៤ ដែលរហូតដល់ទល់ពេលនេះ លោក ចែម សង្វារ បានជាប់ពន្ធនាគារជិត២ឆ្នាំ មកហើយ ។
ទោះបីយ៉ាងណាសវនាការនេះ ត្រូវបានលើកពេលទៅក្រោយវិញ ព្រោះជនជាប់ចោទគ្មានមេធាវី និងជនជាប់ចោទស្នើមានមេធាវីផ្ទាល់ខ្លួន៕