(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ បានផ្ញើលិខិតជូនពរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងឈានមកដល់នៅសប្តាហ៍ក្រោយនេះ។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ នាពេលខាងមុខនេះ សម្តេចពញាចក្រី ហេង សំរិន ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃរដ្ឋសភា មានសេចក្តីសោមនស្សរីករាយ សូមជូននូវសព្ទសាធុការពរ បវរសួស្តី សិរីមង្គល ជូនចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ បញ្ញាញាណ វាងវៃ និងជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំប្រទេសជាតិឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយនិរន្តភាព និងភាពសម្បូរ រុងរឿងជានិច្ចនិរន្តរ៍តរៀងទៅ។
ឆ្លៀតក្នុងឱកាសមហាប្រពៃថ្លៃថ្លានេះ សម្តេចប្រធានរដ្ឋសភា បានសម្តែងនូវការកោតសរសើរដោយស្មោះចំពោះគំរូវីរភាពដ៏ឆ្នើម របស់សម្តេចតេជោ ដែលបានរួមចំណែកតស៊ូ រំដោះប្រទេសជាតិ ស្វះស្វែងរកសន្តិភាព បង្រួបបង្រួមជាតិ កសាង និង អភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនដូចបច្ចុប្បន្ន។
«រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានដាក់ចេញផែនការយុទ្ធសាស្រ្តស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍឈានឡើងជា លំដាប់ និងជាពិសេសក្នុងដំណាក់កាល នៃការរីករាលដាលជំងឺកូវីដ-១៩ បានដាក់ចេញអនុវត្តជាជំហានៗ នូវវិធាន ការផ្នែកសុខាភិបាលប្រសិទ្ធភាព និងទាន់ពេលវេលា ក្នុងការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ ដោយរក្សាបាននូវសុខុមាលភាព និងភាពសុខដុមរមនា ជូនប្រជាជនកម្ពុជា នៅទូទាំងប្រទេស»។ នេះជាការគូសបញ្ជាក់របស់សម្តេច ហេង សំរិន ក្នុងសារលិខិតជូនពរ។
សម្តេច ហេង សំរិន ក៏បួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា និងទេវតាឆ្នាំថ្មី ឆ្នាំឆ្លូវ ព្រះនាម មណ្ឌាទេវី តាមជួយអភិបាលប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការជូនចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ស្រី ជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕