(ប៉ៃលិន)៖ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអតីតយុទ្ធជន និងជនពិការ និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់គ្រួសា អតីតយុទ្ធជន នៅខេត្តប៉ៃលិន ដែលធ្វើឡើងនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត។
នាយឧត្តមសេនីយ៍ គន់ គីម បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែគិតគូរខ្វល់ខ្វាយ ចំពោះអតីយុទ្ធជនគ្រប់គ្នា ទើបនៅពេលនេះអតីតយុទ្ធជន ក៏អាចចាប់ផ្តើមបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩បាន ដើម្បីបញ្ជៀស នូវគ្រោះថ្នាក់ពីការឆ្លងជំងឺនេះឱ្យបានទាន់ពេលវេលា។
នាយឧត្តមសេនីយ៍ គន់ គីម បានបន្តទៀតថា វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការមកទទួលនូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយសារអតីតយុទ្ធជនជាកងកម្លាំង ប្រដាប់អាវុធដែលចូលនិវត្តន៍ ហើយអ្នកខ្លះបានបាត់បង់សមត្ថភាព ខ្លះពិការដៃ ជើង ភ្នែក និងរងរបួស ហើយខ្លះទៀត គ្រួសារពលី និងមរណៈ ដែលសុទ្ធតែជាការចាំបាច់ ត្រូវដោះស្រាយអត្ថិភាពជូនទៅដល់អតីតយុវជនយើងតែម្តង។
លោកទេសរដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា នៅក្នុងខេត្តប៉ៃលិន ក្រុមការងារក៏នឹងរៀបចំសាងសង់ ផ្ទះជូនអតីតយុទ្ធជន ដែលមានដីតែគ្មានផ្ទះជូននៅពេលក្រោយ តាមរយៈលោក ស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានកិត្តិយសអតីតសមាគមយុទ្ធជនកម្ពុជា តែខណៈពេលនេះកំពុងជួបបញ្ហាវិបត្តិកូវីដ១៩។ ម្យ៉ាងវិញទៀត យើងទាំង អស់គ្នាត្រូវតែជឿជាក់លើការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ទាំងអស់គ្នា៕