(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ បានថ្វាយលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ប្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។
ក្នុងលិខិតថ្វាយព្រះពរនេះ សម្តេចប្រធានរដ្ឋសភា បានព្រះបរមរាជានុញ្ញាតសូមថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូម ព្រះអង្គ ទ្រង់ព្រះប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ព្រះ ជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិជាម្លប់ដ៏ត្រជាក់ត្រជុំ សុខដុមរមនា ដល់ប្រជារាស្ត្រខ្មែរ ជាកូនចៅ ជានិច្ចនិរន្តរ៍តរៀងទៅ។
សម្តេច ហេង សមរិន ក៏បានសូមព្រះបរមរាជានុញ្ញាតសម្តែងនូវកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះរាជកិច្ចដឹកនាំដ៏ឧត្តុង្គឧត្តមប្រកបដោយ ព្រះព្រហ្មវិហារធម៌ និងទសពិធរាជធម៌របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ធ្វើឱ្យប្រទេស ជាតិមានការរីកចម្រើនឈានឡើងជាលំដាប់លើគ្រប់វិស័យ ហើយប្រជារាស្ត្ររស់នៅក្នុងសុខសន្តិភាព សេរីភាព សុភមង្គល ប្រកបដោយសេចក្តីសុខក្សេមក្សាន្ត ថ្លៃថ្នូរ និងវឌ្ឍនភាពជានិច្ចនិរន្តរ៍។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ សម្តេច ហេង សំរិន ព្រមទាំងសមាជិក សមាជិកា មន្ត្រីរាជការនៃសភាជាតិ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ព្រះបារមី ទេវតា រក្សាព្រះមហាស្វេតច្ឆ័ត្រ ព្រះបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រី យានីខ្មែរគ្រប់ព្រះអង្គ ព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោក ពិសេសសូមបួងសួងដល់ ទេវតាឆ្នាំថ្មី ឆ្នាំឆ្លូវ ព្រះនាមមណ្ឌាទេវី តាមជួយប្រោះព្រំសព្ទសាធុការពរ បវរសួស្តី វិបុលសុខ បវរមហាប្រសើរ ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រមទាំងព្រះញាតិវង្សានុវង្ស សូមប្រកបដោយព្រះពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕