(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃសុក្រ ទី០៩ ខែមេសា ឆ្នាំ២០២១នេះ បានបន្តដំណើរចុះទៅពិនិត្យការចាក់វ៉ាក់សាងកូវីដ១៩ ស៊ីណូវ៉ាក់ ជូនអតីតយុទ្ធជននៅភូមិភាគទី៥ រួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និងពោធិ៍សាត់។
លោក គន់ គីម ក្នុងនាមជាសេនាធិការផ្ទាល់របស់សម្តេចតេជោលើការងារអតីតយុទ្ធជន បានថ្លែងក្នុងឱកាសនោះថា វ៉ាក់សាំងកូវីដ១៩ ជាឧបករណ៍ថ្មីមួយបន្ថែមទៀតលើវិធានការសុខាភិបាលដែលមានស្រាប់ សម្រាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងសង្គ្រោះជីវិតមនុស្ស ដោយជួយបុគ្គលមិនឱ្យឈឺធ្ងន់នៅពេលឆ្លងជំងឺកូវីដ១៩ និងកាត់បន្ថយការព្យាបាលនៅមន្ទីរពេទ្យ។
លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការការពារអាយុជីវិតពលរដ្ឋ និងអតីតយុទ្ធជន ដើម្បីឱ្យបានចៀសផុតពីជំងឺឆ្លងកូវីដ១៩ ដ៏កាចសាហាវដែលកំពុងកើតមានឡើងនៅក្នុងប្រទេសកម្ពុជា។
លោកទេសរដ្ឋមន្ត្រី បានលើកឡើងដូច្នេះ «បងប្អូនដឹងទេបច្ចុប្បន្ននេះវ៉ាក់សាំងកំពុងមានទីផ្សារខ្ពស់ណាស់ ត្រូវការចាំបាច់ណាស់ចំពោះមនុស្សជាតិលើពិភពលោក។ តែពលរដ្ឋកម្ពុជា និងអតីតយុទ្ធជនយើងមានសំណាងណាស់ ដែលមានសម្តេចតេជោ ជាមេដឹកនាំ ហើយលោកបានស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនពួកយើង។ មានវ៉ាក់សាំង គឺយើងមានកងការពារមួយយ៉ាងរឹងមាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩»។
អតីតយុទ្ធជនដែលបានទៅចាក់វ៉ាក់សាំងមានអ្នកខ្លះពិការដៃ ខ្លះពិការជើង និងពិការភ្នែកជាដើម។ ការទៅចាក់វ៉ាក់សាំង ត្រូវបានជួយសម្របសម្រួលពីគណៈអភិបាលខេត្តនីមួយៗ រួមទាំងថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនក្នុងខេត្តផងដែរ។
អតីតយុទ្ធជនទៅចាក់វ៉ាក់សាំងសុទ្ធតែបានបង្ហាញទឹកមុខរីករាយជាមួយនឹងការទទួលបានឱកាសចាក់វ៉ាក់សាំងនេះ។ ពួកគាត់ បានលើកឡើងថា ជាសំណាងណាស់សម្រាប់ពួកគាត់ដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រៀបចំចាត់ចែងឱ្យបានចាក់វ៉ាក់សាំងនាពេលនេះ។
បងប្អូនអតីតយុទ្ធជនដែលសុទ្ធសឹងជាអ្នកធ្លាប់តស៊ូលើសមរភូមិសង្គ្រាមរាប់មិនអស់នោះ បានលើកឡើងថា ការប្រយុទ្ធលើសមរភូមិសង្គ្រាមងាយស្រួលជាងសមរភូមិជំងឺកូវីដ១៩ ព្រោះសមរភូមិសង្គ្រាមអាចដឹង និងមើលឃើញទីតាំងសត្រូវ។ តែសង្គ្រាមជាមួយជំងឺកូវីដ១៩ គឺពិបាក ព្រោះមិនអាចមើលឃើញ ហើយអាចឆក់យកជីវិតបានគ្រប់ពេលវេលា។
«វ៉ាក់សាំងកូវីដ១៩នេះ មានតម្លៃណាស់សម្រាប់ការពារអាយុជីវិតរបស់យើង។ ជំងឺនេះវាសាហាវងាយនឹងធ្វើឱ្យយើងស្លាប់ ហើយយើងមើលវាមិនឃើញ មិនដឹងវានៅទីណា គឺលំបាកណាស់។ ដូច្នេះវ៉ាក់សាំងកូវីដ១៩នេះ ពិតជាសំខាន់ណាស់សម្រាប់ការពារអាយុជីវិតយើងពីមច្ចុរាជ។ កាន់តែពិសេសទៀតនោះ វ៉ាក់សាំងនេះ យើងមិនអាចទៅរកទិញលើទីផ្សារបានទេ ដូច្នេះនេះពិតជាឱកាសដ៏ពិសេសសម្រាប់អតីតយុទ្ធជនយើង»។ នេះជាការបញ្ជាក់របស់អតីតយុទ្ធជន ដែលបានទៅចាក់វ៉ាក់សាំង។
បើទោះបីថាបានចាក់វ៉ាក់សាំងប្រៀបាននឹងការមានជញ្ជាំងការពារជំងឺកូវីដ១៩យ៉ាងណាក្តី លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏នៅតែដាស់តឿន និងក្រើនរំលឹកដល់អតីតយុទ្ធជន ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ដែលបានចាក់វ៉ាក់សាំងហើយ មិនត្រូវទម្លាក់ចោលវិធានការនានារបស់ក្រសួងសុខាភិបាលក្នុងការការពារជំងឺកូវីដ១៩នោះឡើយ។ ជាពិសេសត្រូវគោរពអនុវត្តតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន ៣កុំ (កុំចាប់ដៃ កុំចូលបន្ទប់បិទជិត កុំទៅកន្លែងជួបជុំ កុះករ) និង៣ការពារ (ពាក់ម៉ាស់ លាងដៃជាមួយសាប៊ូ ចែល អាល់កុល និងរក្សាគម្លាតចាប់ពី១.៥ម៉ែត្រឡើងទៅ)។
ជាមួយគ្នាលោកទេសរដ្ឋមន្ត្រី បានគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់អាទិភាពជូនអតីតយុទ្ធជនបានទទួលវ៉ាក់សាំង។ លោកក៏បានថ្លែងអំណរគុណសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពារជាតិ និងគណៈអភិបាលរាជធានី-ខេត្ត ទាំង២៥ ក៏ដូចជាថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនទាំងអស់ ដែលបានយកចិត្តទុកដាក់ ខ្នះខ្នែងសម្របសម្រួលគ្រប់លទ្ធភាព ដើម្បីឱ្យអតីតយុទ្ធជនបានចាក់វ៉ាក់សាំងកូវីដ១៩។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានផ្តល់វ៉ាក់សាំងស៊ីណូវ៉ាក់ ៧៩,៤៦៣ដូស ចាក់ជូនអតីតយុទ្ធជនកម្ពុជា និងគ្រួសារ។ យុទ្ធនាការចាក់វ៉ាក់សាំងជូនអតីតយុទ្ធជន បានចាប់ផ្តើមនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១៕