(បាងកក)៖ ប្រធានស្ថានតំណាងនៃប្រទេសចំនួន៣២ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវាសដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ បានរួមគ្នាផ្ញើសារអបអរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ទោស័ក ព.ស.២៥៦៥ ដែលនឹងចូលមកដល់ នៅក្នុងពេលឆាប់ៗខាងមុខនេះ។
តាមរយៈកាតជូនពរ ដែលមានទង់ជាតិចម្រុះពណ៌ និងឃ្លាប្រយោគជាភាសាខុសៗគ្នា ដែលមានខ្លឹមសារ «សួស្តីឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ២០២១» បានឆ្លុះបង្ហាញពីចំណងមិត្តភាពជិតស្និទ្ធជាប្រពៃណី និងការគាំទ្រគ្នាទៅវិញទៅមករវាងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ និងស្ថានទូតនៃបណ្តាប្រទេសជាមិត្តចំនួន ៣២ ទាំងពេលបច្ចុប្បន្ន និងអនាគត។ ម្យ៉ាងទៀត ក៏ជាសារប្រាប់ពិភពលោក អំពីការគាំទ្ររបស់ប្រទេសទាំងអស់ មកលើរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានលើកឡើងនៅក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា «កម្ពុជាតូចពិត ចិត្តទូលាយ និងមានមិត្តច្រើន» ហើយបានថ្លែងអំណរគុណដល់ ឯកឧត្តម លោកជំទាវ ដែលជាអង្គទូតនៃប្រទេសទាំង៣២ ដែលបានគាំទ្រ ផ្តល់ពាក្យពេជន៍ជាភាសាជាតិរបស់ខ្លួន និងចូលរួមចុះហត្ថលេខា លើកាតជូនពរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
សូមជម្រាបថា កាតជូនពរឆ្នាំថ្មីចម្រុះភាសានេះ ត្រូវបានផ្តួចផ្តើមរៀបចំឡើងដោយស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ សហការជាមួយក្រុមការងារការទូតសេដ្ឋកិច្ច នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដើម្បីចូលរួមផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ខ្មែរ ដែលជាផ្នែកមួយនៃគោលនយោបាយទូតសេដ្ឋកិច្ចកម្ពុជា ដល់ពិភពលោក។
គំនិតផ្តួចផ្តើមនេះ ទទួលបានការគាំទ្រពេញទំហឹងពីស្ថានទូត នៃប្រទេសជាមិត្តទាំង៣២ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក។ ដូច្នេះ កម្ពុជាមិនឯកការឡើយ! ទោះបីជាពេលនេះ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានកំពុងសស្រាក់សស្រាំប្រយុទ្ធតតាំងជំងឺកូវីដ១៩ ដែលបានធ្វើទុក្ខបុកម្នេញម្តងហើយម្តងទៀត និងបានកំពុងបន្តរាតត្បាតជុំវិញពិភពលោក៕