(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ឯក ឡាយ គឹមលី នាយកខុទ្ទកាល័យតំណាងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ បាននាំយកអំណោយតាមរយៈរដ្ឋបាលខេត្ត មកផ្ដល់ជូនកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នាពេលខាងមុខនេះ។
អំណោយដ៏ថ្លៃថ្លារបស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន នាឱកាសនេះរួមមាន៖ អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, ត្រីខ, ទឹកសុទ្ធ, ស្ករស, ប៊ីចេង, អំបិល, ខ្ទឹមស និងថវិកាផងដែរ។
លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា អំណោយដែលបានយកមកដល់ជូននាឱកាសនេះ គឺជាទឹកចិត្តអាណិតស្រលាញ់ ដោយស្មោះពីសំណាក់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ចំពោះកងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ហើយអង្គភាពដែលបានអញ្ជើញមកទទួលគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ និងថវិកាមានចំនួន ១៣អង្គភាពដោយក្នុងនោះគ្រឿងឧបភោគ បរិភោគ មានចំនួន១០មុខដូចជា៖ អង្ករ៤,០០០គីឡូក្រាម, មី១៧០ កេសតូច, ទឹកស៊ីអ៊ីវ១៤០យួរ, ទឹកត្រី១៤០យួរ, ត្រីខ៥១កេស, ទឹកបរិសុទ្ធ៧៩០យួរ, ស្ករសរ១០០គីឡូក្រាម, ប៊ីចេង ១០០គីឡូក្រាម, អំបិល១០០គីឡូក្រាម, ខ្ទឹមស១០គីឡូក្រាម និងថវិកាមួយចំនួនផងដែរ។
ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ឯក ឡាយ គឹមលី បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រី ដែលជានិច្ចកាលលោកទាំងទ្វេរតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់បងប្អូន ជាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ តែងតែខិតខំពុះពារគ្រប់កាលៈទេសៈក្នុងការការពារទឹកដីមាតុភូមិ នៃយើងឱ្យបានគង់វង្ស។
លោក ឡាយ គឹមលី បានផ្តាំផ្ញើដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ នៅក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ ២០២១» ដែលប្រទេសជាតិ កំពុងបន្តប្រឈមនឹងហានិភ័យខ្ពស់ការឆ្លងរាលដាលជំងឺកូវីដ១៩ ដូចនេះសូមអ្នកទាំងអស់គ្នា ប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ក្នុងគោលបំណងធានាការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ ដើម្បីកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់ការឆ្លងរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ ឆ្លងចូលក្នុងអង្គភាពឱ្យបានដាច់ខាត៕