(កំពងស្ពឺ)៖ បុគ្គលម្នាក់ថតវីដេអូបង្ហោះនៅលើបណ្ដាញសង្គម TikTok ប្រឌិតរឿងពាក់ព័ន្ធវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ត្រូវកម្លាំងនគរបាលចាប់ខ្លួន នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ ស្ថិតក្នុងភូមិភ្នំតូច ឃុំពោធិ៍ចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
បើតាមលោកឧត្តមសេនីយ៍ទោ សម សាមួន ក្រោយទទួលបានបទបញ្ជាភ្លាម កម្លាំងផែនសន្ដិសុខនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបើកការស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនបុគ្គលដែលបំពុលព័ត៌មាននៅតាមបណ្ដាញសង្គមមួយនេះ។
គួរជម្រាបថា បុគ្គលរូបនេះ បានថតវីដេអូហើយបង្ហោះចែកចាយនៅលើបណ្ដាញសង្គម TikTok ប្រឌិតព័ត៌មានថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ របស់ចិន ដែលកំពុងចាក់ជូនប្រជាពលរដ្ឋនេះ គឺមានភាពមិនច្បាស់លាស់។ ការប្រឌិតព័ត៌មាននេះ គឺមានចេតនាញុះញង់ និងធ្វើឲ្យការយល់ច្រឡំពីសំណាក់ប្រជាពលរដ្ឋ។
ជននេះមិនមែនជាបុគ្គលទី១ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួននោះទេ ពោលកន្លែងមកកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ បានចាប់ខ្លួនមនុស្សប៉ុន្មាននាក់រួចមកហើយ ដែលបានប្រឌិតព័ត៌មាន មានចេតនាញុះញង់ពាក់ព័ន្ធជាមួយដំណើរការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា៕