(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី ម៉េង វ៉ាន់ដានីន រួមនឹងអភិបាលរងខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត ព្រមទាំងក្រុមការងារពាក់ព័ន្ធ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ បានចុះត្រួតពិនិត្យគោលដៅ ៣កន្លែងរួមាន នៅស្រុកត្បូងឃ្មុំ ព្រំប្រទល់ជាប់ខេត្តកំពង់ចាម ស្រុកអូររាំងឪ និងស្រុកពញាក្រែក ព្រំប្រទល់ជាប់ខេត្តព្រៃវែង ក្នុងការអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខ៤៤ សសរ រយៈពេល២សប្ដាហ៍ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ក្នុងឱកាសចុះត្រួតពិនិត្យនោះ លោកអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរ និងសមត្ថកិច្ចឱ្យយកចិត្តទុកដាក់អនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តឱ្យទទួលបានជោគជ័យក្នុងរយៈពេល២សប្តាហ៍ នៅតាមគោលដៅរបស់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ពិសេសការកាត់ផ្តាច់ខ្សែចម្លង ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ» តាមរយៈការផ្អាកចរាចរណ៍ពីខេត្តមួយទៅខេត្តមួយ ពីតំបន់មួយទៅកាន់តំបន់មួយទៀត។
លោក ជាម ច័ន្ទសោភ័ណ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តន៍តាមវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីការពារខ្លួនពីការចម្លងជំងឺកូវីដ១៩។ ដោយឡែកចំពោះអ្នកចំណូលស្រុកមកពីតំបន់ហានិភ័យ ត្រូវឱ្យពួកគាត់ធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅតាមផ្ទះ ឬនៅមណ្ឌលចត្តាឡីស័កឱ្យបានត្រឹមត្រូវ ព្រមទាំងចូលរួមអនុវត្តន៍តាមវិធានការ «៣ការពារ ៣កុំ» ជៀសផុតពីការចម្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ផងដែរ។
នៅក្នុងឱកាសចុះត្រួតពិនិត្យ លោក ជាម ច័ន្ទសោភ័ណ និងលោកស្រីក៏បាននាំយកសម្ភារមួយចំនួន របស់រដ្ឋបាលខេត្តឧបត្ថម្ភដល់កងកម្លាំងដែលកំពុងឈរជើងនៅតាមគោលដៅទូទាំងខេត្តប្រមាណជិត ២០០នាក់ ក្នុងម្នាក់ទទួលបានអាល់កុល ម៉ាស មី ទឹកសុទ្ធ ក្រមា និងថវិកា ចំនួន៥០,០០០រៀល។
សូមបញ្ជាក់ថា ខេត្តត្បូងឃ្មុំ មានរៀបចំកងកម្លាំងចម្រុះដែលកំពុងឈរជើងនៅគោលដៅដែលមានព្រំប្រទល់ខេត្ត មានចំនួន ១៥ទីតាំង ក្នុងស្រុកចំនួន០៦ រួមមានស្រុកត្បូងឃ្មុំ ស្រុកអូររាំងឪ ស្រុកពញាក្រែក ស្រុកតំបែរ ស្រុកក្រូចឆ្មារ និងស្រុកមេមត់ ដែលអភិបាលខេត្ត និងអភិបាលរងខេត្ត បានចុះត្រួតពិនិត្យតាមគោលដៅនីមួយ៕