(ស្ទឹងត្រែង)៖ នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញចុះត្រួតពិនិត្យ និងប្រគល់អគារទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៧០១ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដែលបានសាងសង់រួចជាស្ថាពរ ស្ថិតនៅភូមិឧបសម្ព័ន្ធឬទី្ធសែនជ័យពីរ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
ក្នុងដំណើរនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ក៏មានការចូលរួមពី លោក ម៉ុម សារឿន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តស្ទឹងត្រែង, ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន តំណាងប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក, មេបញ្ជាការរងនគរបាលជាតិប្រចាំទិសភូមិភាគទី១។
អគារទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០១ មួយខ្នងមាន៥បន្ទប់ និងសាលប្រជុំមួយ ជាអំណោយដ៏ថ្លៃថ្លារបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដើម្បីដាក់ជូនកងកម្លាំងសម្រាប់ប្រើប្រាស់ជាផ្លូវការក្នុងការបំពេញភារកិច្ចប្រចាំថ្ងៃ។
នាយឧត្ដមសេនីយ៍ ហ៊ូ សាគុណ បានលើកឡើងថា បច្ចុប្បន្នប្រទេសកម្ពុជា កំពុងប្រឈមនឹងបញ្ហាជំងឺកូវីដ-១៩ ដែលបានឆ្លងរាលដាលចូលក្នុងសហគមន៍ ដូចនេះកងកម្លាំងទាំងអស់ ត្រូវចូលរួមអនុវត្តតាមវិធានណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យបានគ្រប់គ្នា ដើម្បីការពារអាយុជីវិតខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។
នាយឧត្ដមសេនីយ៍ បាននាំការនូវផ្ដាំផ្ញើសាកសួរសុខទុក្ខពី នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ដល់កងកម្លាំងដែលឈរជើងការពារ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ នៃខេត្តស្ទឹងត្រែង និងបានជំរុញឲ្យយកចិត្តទុកដាក់ក្នុងការបំពេញកាតព្វកិច្ចការពារបូរណភាពទឹកដីជូនជាតិ មាតុភូមិ ពិសេសការពារទប់ស្កាត់នូវរាល់សកម្មភាពបទល្មើសឆ្លងដែនគ្រប់ប្រភេទ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ ក៏បាននាំយកអំណោយរបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ជូនដល់កងកម្លាំង រួមមាន៖ ទូបាញ់អាកុល០១ គ្រឿង, អង្ករ ២៤បាវ, មី ១១កេសធំ, ត្រីខ ១១កេសធំ, ទឹកស៊ីអ៉ីវ ១២២យួរ, ទឹក្រូច ២០កេស, ប៊ីចេង ១២២យួរ, ស្ករស ៦០kg, ប្រហុក ៣០kg, ផ្អក ៣០kg, ក្រឡដាក់ផ្អកប្រហុក ១២ក្រឡ, ទឹកសុទ្ធ ៧៥កេស, ម៉ាស់ ៦០០ម៉ាស់, អាល់កុល០៦ កាដុង ស្មើនឹង៣០០លីត្រ និងថវិកា ០៦លានរៀលផងដែរ៕