Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលស្រុកវាលវែង បំភ្លឺជុំវិញការស្លាប់របស់មេភូមិកណ្តាល ជាករណីខ្យល់គរ ពុំមែនស្លាប់ដោយសារការចាក់វ៉ាក់សាំងកូវីដ១៩ ដូចការផ្សាយនោះឡើយ

09-04-2021 11:27

(ពោធិ៍សាត់)៖ រដ្ឋបាលស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីបំភ្លឺព័ត៌មានមួយ ពាក់ព័ន្ធនឹងការស្លាប់របស់លោកមេភូមិកណ្តាល ឃុំថ្មដា ស្រុកវាលវែង គឺជាករណីខ្យល់គរពេលកំពុងធ្វើដំណើរតាមឡាន ពុំមែនស្លាប់បណ្តាលមកពីការចាក់វ៉ាក់សាំងកូវីដ១៩ ដូចការចុះផ្សាយរបស់គេហទំព័រឈ្មោះ News Assembly និងគណនីហ្វេសប៊ុកឈ្មោះ Sum Seyha នោះឡើយ។

ក្នុងសេចក្តីបំភ្លឺព័ត៌មាននោះ បានសរសេររៀបរាប់ថា រដ្ឋបាលស្រុកវាលវែង សូមគោរពជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា នៅ វេលាម៉ោង៨ និង៤៦នាទីព្រឹក ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ កន្លងមកនេះ មានករណីកើតហេតុស្លាប់មនុស្សម្នាក់ឈ្មោះ ហែម រឿន ភេទប្រុស អាយុ៦៤ឆ្នាំ មានតួនាទីជាមេភូមិ មានទីលំនៅស្ថិតនៅភូមិកណ្តាល ឃុំថ្មដា ស្រុក វាលវែង ខេត្តពោធិ៍សាត់។

សម្រាប់ករណីនេះអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ស្រុក បានទៅចូលរួមរំលែកទុក្ខគ្រសារសព និងបានសាកសួរអំពីប្រវត្តិស្ថានភាពជំងឺរបស់សពកន្លងមក ដោយគ្រួសារសពបានបញ្ជាក់ប្រាប់អាជ្ញាធរថា លោក ហែម រឿន កន្លងមកមានប្រវត្តិជំងឺលើសឈាម និងឧស្សាហ៍គាំងបេះដូង តែត្រូវបានកូនចៅនៅជិត ជួយសង្គ្រោះគាត់ទាន់ពេលវេលា។

អាជ្ញាធរឃុំក៏បានបញ្ជាក់បន្ថែមថា កាលពីព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ លោក ហែម រឿន បានជិះរថយន្តចេញទៅខេត្តពោធិ៍សាត់ ដើម្បីទៅបំភ្លឺតាមដីកាកោះអញ្ជើញរបស់សាលាដំបូងខេត្ត នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ និងម្យ៉ាងទៀត ត្រូវយករថយន្តទៅធ្វើនៅទីរួមខេត្តពោធិ៍សាត់ ដោយធ្វើដំណើរតែម្នាក់ឯង។

លុះធ្វើដំណើរមកដល់ចំណុចអូរ១៧ ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក៏មានអាការៈមិនស្រួលខ្លួនទើបឈប់រថយន្តអែបអៀនផ្លូវ និងបានស្លាប់បាត់បង់ជីវិតនៅត្រង់ចំណុចកើតហេតុខាងលើតែម្តង។ អាជ្ញាធរមូលដ្ឋានសន្និដ្ឋានថា ការស្លាប់របស់លោក ហែម រឿន ជាករណីខ្យល់គរ ពុំមែនស្លាប់បណ្តាលមកពីការចាក់វ៉ាក់សាំងកូវីដ១៩ ដូចការចុះផ្សាយរបស់គេហទំព័រឈ្មោះ News Assembly និងគណនីហ្វេសប៊ុកឈ្មោះ Sum Seyha នោះឡើយ៕