(ភ្នំពេញ)៖ របាយការណ៍ផ្លូវការ របស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ធានាគារ ABA) ដែលទើបផ្សព្វផ្សាយ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះបានបញ្ជាក់ថា នៅឆ្នាំ២០២០ ធនាគារនេះរកចំណូលបានចំនួន ១ ៦២៥ ១៤៩លានរៀល (ប្រហែល៤០០លានដុល្លារ) នៅក្នុងទីផ្សារកម្ពុជា កើនឡើង៣០% បើធៀបនឹងឆ្នាំ២០១៩ មានចំនួន ១ ២៤៣ ៥៣៧ លានរៀល (ជាង៣០០លានដុល្លារ) ។
សម្រាប់ប្រាក់ចំណេញវិញ នៅឆ្នាំ២០២០ ABA រកប្រាក់ចំណេញសុទ្ធមានចំនួន ៦១៧ ២៩១ លានរៀល (ជាង១៥០លានដុល្លារ) កើនឡើង១៩% ដែលឆ្នាំ២០១៩ មានចំនួន ៥១៦ ៦៥៣ លានរៀល (១២៧លានដុល្លារ)។
សាររបស់ប្រធានក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិរបស់ ABA បានលើកឡើងថា «ទោះបីនេះ [2020] ជាឆ្នាំដ៏លំបាកក៏ដោយ ក៏ធនាគារ ABA ទទួលបានកំណើនគួរឲ្យកត់សម្គាល់លើប៉ារ៉ាម៉ែត្រសំខាន់ៗទាំងអស់ រួមមានទ្រព្យសកម្មសរុប ប្រាក់បញ្ញើ និងឥណទានក៏ដូចជាមូលដ្ឋានអតិថិជន»។
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ទ្រព្យសកម្មសរុបកើនបាន ៣៩% ស្មើនឹង ៦.១ ប៊ីលានដុល្លារអាមេរិក ខណៈពេលដែលផលបត្របញ្ញើ កើនបាន ៤៣% ស្មើនឹង៤.៩ ប៊ីលានដុល្លារអាមេរិក ហើយផលបត្រឥណទាន កើនបាន ៣៨% ស្មើនឹង ៣.៨ប៊ីលានដុល្លាអាមេរិក។
ធនាគារ ABA ទទួលបានប្រាក់ចំណេញសុទ្ធដ៏រឹងមាំចំនួន ១៥១.៤ លានដុល្លារអាមេរិក សម្រាប់ឆ្នាំសារពើពន្ធ ២០២០ លើសផែនការថវិកា។ មូលធនភាគហ៊ុនិករបស់ធនាគារ កើនបាន ៥៥% ដោយសម្រេចបាន ៧៦៧.៨លានដុល្លារអាមេរិក ក្នុងអំឡុងពេលនៃរបាយការណ៍នេះ។
នៅឆ្នាំ២០២០ ប្រជាជនកាន់តែច្រើនបានជ្រើសរើសធនាគារ ABA កើនឡើងគួរឲ្យកត់សម្គាល់ ប្រមាណ៧០% ដែលសម្រេចឈានដល់ ១.៤លាននាក់៕