(កំពង់ឆ្នាំង)៖ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានចេញសាឡាង ដឹករថយន្តពេទ្យចំនួន០២គ្រឿង ទៅកាន់ស្រុកកំពង់លែង និងរថយន្តមន្ត្រីពេទ្យផ្សេងទៀត នៅកំពង់ផែថ្មី ផ្សារក្រោមចុងកោះ ដើម្បីត្រៀមរង់ចាំដឹកជញ្ជូនប្រជាពលរដ្ឋមានចំនួនជិត៤០នាក់ ដែលបានល្មើសនឹងបំរាមរបស់អាជ្ញាធរខេត្ត ដោយមិនអនុញ្ញាតឲ្យអ្នកដែលនៅរាជធានីភ្នំពេញ ឬអ្នកនៅក្រៅខេត្ត ធ្វើដំណើរចូលមកទឹកដីខេត្តកំពង់ឆ្នាំងនោះឡើយ។
កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រកាសថា អ្នកដែលនៅរាជធានីភ្នំពេញ ឬអ្នកនៅក្រៅខេត្ត ធ្វើដំណើរចូលមកទឹកដីខេត្តកំពង់ឆ្នាំង អាជ្ញាធរខេត្ត នឹងបញ្ជាឱ្យអាជ្ញាធរមូលដ្ឋានចាប់យកទៅធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ រួមទាំងធ្វើការពិនិត្យសំណាកជាចាំបាច់។
អាជ្ញាធរស្រុកកំពង់លែង បានបញ្ជាក់នៅរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ឲ្យដឹងថា ពលរដ្ឋជិត៤០នាក់ ចូលមកទឹកដីស្រុកកំពង់លែង ដែលជាភូមិកំណើតរបស់ពួកគេ ដែលពលរដ្ឋទាំងនោះមកពីរាជធានីភ្នំពេញ ជាកម្មករធ្វើការរោងចក្រ។ ពួកគេ បានធ្វើដំណើរមកកាន់ស្រុកកំណើត នៅក្នុងឃុំស្វាយរំពារ និងឃុំដារ ហើយពលរដ្ឋទាំងនោះ ត្រូវបានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានប្រមូលដឹកតាមរថយន្តរបស់មន្ទីរពេទ្យខេត្ត ឆ្លងតាមសាឡាង ដើម្បីយកទៅធ្វើចត្តាឡីស័ក នៅឯមណ្ឌលចត្តាឡីស័ក ស្រុកទឹកផុស និងយកសំណាកពិនិត្យផងដែរ។
លោក ងិន ចាន់សារ៉េត ជាអ្នកដឹកនាំក្រុមការងារឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា បន្ទាប់ពីទទួលបានបទបញ្ជាពីថ្នាក់ដឹកនាំក្នុងខេត្ត លោកក៏បានដឹកនាំក្រុមការងារឆ្លើយតបបន្ទាន់ចុះទៅស្រុកកំពង់លែង ដើម្បីប្រមូលប្រជាពលរដ្ឋទាំងនោះ ទៅដាក់នៅមណ្ឌលចត្តាឡីស័កស្រុកទឹកផុសក្នុងវេលាយប់ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ និងយកសំណាកពួកគាត់ទាំងអស់គ្នាទៅពិនិត្យផងដែរ។
រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្តីណែនាំ ស្តីពីការពង្រឹងវិធានការមួយចំនួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ ដោយត្រូវតែដាក់ឲ្យធ្វើចត្តាឡីស័ក ចំពោះអ្នកមកពីរាជធានីភ្នំពេញ ឬតាមបណ្ដាខេត្តផ្សេងៗ។ ក្នុងនោះដែរអាជ្ញាធរខេត្ត ក៏បានណែនាំទៅកាន់ឪពុកម្ដាយ និងក្រុមគ្រួសារ ដែលមានបងប្អូនកូនចៅដែលបានទៅធ្វើការនៅភ្នំពេញ ក៏ដូចជានៅតាមបណ្ដាខេត្តផ្សេងៗឬនៅក្រៅប្រទេស ត្រូវទូរស័ព្ទប្រាប់បងប្អូនកូនចៅទាំងអស់នោះ មិនចាំបាច់ឱ្យមកលេងផ្ទះ នៅក្នុងកាលៈទេសៈនៃការរីករាលដាលជំងឺកូវីដ-១៩ នាបច្ចុប្បន្ននេះទេ ហើយករណីនៅតែចចេសមក អាជ្ញាធរនឹងនាំយកទៅធ្វើចត្តាឡីស័ក១៤ថ្ងៃ ដោយគ្មានការយោគយល់ឡើយ៕