(ភ្នំពេញ)៖ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទូលថ្វាយសារលិខិតថ្វាយព្រះរាជសព្ទសាធុការពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏មហាមង្គលសួស្តីប្រពៃថ្លៃថ្លាប្រកបដោយមហានក្ខត្តឫក្ស នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥។
ក្នុងសារលិខិតនោះមានខ្លឹមសារថា «ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ នាងខ្ញុំម្ចាស់ ព្រមទាំងសហការីគ្រប់លំដាប់ថ្នាក់នៃកាកបាទក្រហមកម្ពុជា សូមព្រះបរមរាជានុញ្ញាតលំឱនកាយថ្វាយព្រះសព្ទសាធុការពរបវរសួស្តី សិរីវឌ្ឍនមង្គលគ្រប់ប្រការ ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាអម្ចាស់ជីវិត ទ្រង់ស្តេចព្រះប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ និង ព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់វាងវៃ ព្រះជន្មាទីឃាយុយឺនយូរជាងរយព្រះវស្សា ដើម្បីហ្លួងម៉ែជាអម្ចាស់ជីវិត គង់ប្រថាប់ជាម្លប់ត្រជាក់ត្រជំ ប្រទានដល់ប្រជាពលរដ្ឋជាកូន ជាចៅ ចៅទួត ចៅលួត របស់ព្រះអង្គជ្រក កោនដោយក្តីសុខដុមរមនា ជាភិយ្យោភាពអស់កាលដ៏យូរអង្វែងតរៀងទៅ។
ក្នុងអភិសម័យថ្លៃថ្លាឧត្តុង្គឧត្តមនេះ នាងខ្ញុំម្ចាស់ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមអភិវន្ទន៍ថ្វាយនូវព្រះកតញ្ញូកតវេទិតាធម៌ដ៏ជ្រាលជ្រៅ ចំពោះព្រះវិសុទ្ធគុណដ៏ខ្ពង់ខ្ពស់ជាអតិបរមា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាអម្ចាស់ ទ្រង់ស្តេចស្ថិតក្នុងព្រះមហាកិត្តិនាម ជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ព្រះអង្គតែងយកព្រះទ័យទុកដាក់ប្រទានភាពកក់ក្តៅដល់ប្រជារាស្ត្រ និងក្តីអភិរម្យត្រជាក់ត្រជំសម្រាប់កូន ចៅ ចៅទួតរបស់ព្រះអង្គ ប្រកបដោយព្រះព្រហ្មវិហារធម៌ និងព្រះរាជទសពិធរាជធម៌ដ៏បរិសុទ្ធ និងជាពិសេសទៅទៀត ហ្លួងម៉ែជាអម្ចាស់ជីវិត តែងបានប្រោសព្រះរាជទាន បរិច្ចាគព្រះរាជទ្រព្យយ៉ាងទៀងទាត់ដល់កាកបាទក្រហមកម្ពុជា សំដៅគាំទ្រយន្តការមនុស្សធម៌សង្រ្គោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ក្នុងបរិការណ៍នៃបេសកកម្មប្រយុទ្ធប្រឆាំងការរីករាលដាលជាសកលនៃជំងឺកូវីដ១៩ ក្នុងការលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជារាស្រ្តទូទាំងព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសដ៏សិរីសួស្តីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខណៈនេះនាងខ្ញុំម្ចាស់ និងសហការី សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក ព្រះបារមីអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសព្រះបារមីដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈ និងទេវតាឆ្នាំថ្មី ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ព្រះនាម មណ្ឌាទេវី សូមអភិបាលគ្រងរក្សា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ សូមទ្រង់ព្រះប្រកបដោយព្រះពុទ្ធពរទាំង៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕»
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទូលថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ៖