(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៦នេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានសម្តែងនូវការសោកស្តាយ និងភាពអាម៉ាស់ចំពោះរបាយការណ៍ អង្គការមិនមែនរដ្ឋាភិបាល មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលបានលើកឡើងថា សិទ្ធិបញ្ចេញយោបល់ នៅតាមប្រព័ន្ធ Online និងបណ្តាញទំនាក់ទំនងសង្គម Facebook ត្រូវបានគៀបសង្កត់ដោយរាជរដ្ឋាភិបាលកម្ពុជា។ ដោយលោកបានអះអាងថា នេះបានបង្ហាញយ៉ាងច្បាស់នូវឥរិយាបថ និងទិសដៅប្រឌិត និងបំភ្លៃព័ត៌មាន ឬនិន្នាការលាបពណ៌ដល់រាជរដ្ឋាភិបាល។
លោក ផៃ ស៊ីផាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំមានសេចក្តីសោកស្តាយ និងអាម៉ាស់បំផុតចំពោះ របាយការណ៍អង្គការមិនមែនរដ្ឋាភិបាល មជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា ដែលបានលើកឡើងថា សិទ្ធិបញ្ចេញយោបល់នៅតាមប្រព័ន្ធ Online និងបណ្តាញទំនាក់ទំនងសង្គម Facebook ត្រូវបានគៀបសង្កត់ដោយរាជរដ្ឋាភិបាលកម្ពុជា។ របាយការណ៍នេះបានបង្ហាញយ៉ាងច្បាស់នូវឥរិយាបថ និងទិសដៅប្រឌិត និងបំភ្លៃព័ត៌មាន ឬនិន្នាការលាបពណ៌ដល់រាជរដ្ឋាភិបាល នៅក្នុងករណីនេះ ដែលផ្ទុយអំពីសេចក្តីប្តេជ្ញា និងការបង្កើតឱកាសលើកទឹកចិត្តឲ្យមានការបញ្ចេញយោបល់ ដោយសេរីលើកលែងតែរាល់អត្ថបទ ឬស្មារតីនៃអត្ថបទ ដែលបំពានលើស្មារតីនៃច្បាប់មានជាធរមាន។
របាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានេះ បានប្រឌិតអ្វីដែលមិនឆ្លើយតប និងការប្រឹងប្រែងរបស់ សម្តេចតេជោ ហ៊ុន សែន ដែល សម្តេចតេជោ បានបង្កើត Facebook ជាជំនួយស្មារតីរបស់ សម្តេចតេជោ ក្នុងកិច្ចសម្តែងនូវកង្វល់ និងសំណូមពរនានា ដែលទទួលបាន ប្រសិទ្ធិភាពនៃទំនាក់ទំនងរវាងរាស្ត្រ និងរដ្ឋ។ សម្តេចតេជោ ក៏បានជម្រាបប្រជាពលរដ្ឋនៅពេលថ្មីៗនេះ នៅក្នុងការប្រើប្រាស់ Inbox របស់សម្តេចតេជោ ដើម្បីជាការបញ្ចេញមតិដោយសេរី ដែលស្របនិងវិធានរបស់រដ្ឋបាលទំនើប ឬរដ្ឋបាល Electronics»។
អ្នកនាំពាក្យជាន់ខ្ពស់រូបនោះបានបន្តអះអាងទៀតថា៖ «ព័ត៌មានទាំងអស់នេះត្រូវបានផ្សព្វផ្សាយជាចំហរ និងសាធារណៈដែលមជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា មិនគួរធ្វើមិនឃើញ ឬធ្វើមិនដឹង។ ការធ្វើមិនឃើញ ឬមិនដឹងនេះ ហាក់ដូចជាមាននូវបំណង ឬទិសដៅនៃផលប្រយោជន៍ អាថ៌កំបាំងណាមួយ ក្នុងការបម្រើផលប្រយោជន៍ផ្សេង អំពីទិសដៅសិទ្ធិមនុស្ស។ រាល់របាយការណ៍ដែលស្ថិតនៅក្នុងទិដ្ឋភាពរបាយការណ៍ព្រៃនេះ គឺជារបាយការណ៍ ក្នុងការបង្កើតជាករណី ដើម្បីលាបពណ៌កម្ពុជា និងឲ្យមតិជាតិ និងអន្តរជាតិ ភាន់ច្រឡំ ឬមួយបង្កើតជាទិន្នន័យ ក្នុងការវាយប្រហារកម្ពុជា។ ក្នុងនាមខ្ញុំ ជាអ្នកនាំពាក្យ ខ្ញុំសូមច្រានចោលទាំងស្រុងនូវរបាយកាណ៍ព្រៃនេះ»៕