(ប៉ៃលិន)៖ មន្រ្តីសមត្ថកិច្ចខេត្តប៉ៃលិន បានឲ្យដឹងនៅល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦នេះថា មានការភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង១២៖៣០នាទីរំលងអាធាត្រ ឈានចូលថ្ងៃទី២ ខែមីនា ខណៈ ប្រជាពលរដ្ឋបានឮសំឡេងផ្ទុះអាវុធ ជាច្រើនគ្រាប់ ក្នុងហាងផឹកស៊ីមួយកន្លែងយីហោ សម្រស់ជាយក្រុង ស្ថិតក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមនុស្សជាង១០នាក់ ដែលគេស្គាល់ថា ជានគរបាលនៃស្នងការដ្ឋានខេត្តប៉ៃលិន បានចូលផឹកស៊ី ក្នុងហាងមួយកន្លែង កាលពីវេលាម៉ោង៩៖០០នាទី យប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦ ក្រោយមកស្រាប់តែឮសូរសំឡេងផ្ទុះអាវុធជាច្រើនគ្រាប់ក្នុងហាងនោះ ដោយឮសំឡេង ស្រែកឡូឡា និងមានមនុស្សរត់ចេញមកខាងក្រៅហាងជាច្រើននាក់ ខ្លះរត់ពួនក្នុងព្រៃ។ មុនពេលកើតហេតុ មានមនុស្សមួយក្រុមជិះរថយន្តមួយគ្រឿង ចូលមកក្នុងហាងយីហោ ខាងលើ ដោយស្ថានភាពស្រវឹងស្រាប់ ព្រមទាំងមានអាវុធ នៅនឹងចង្កេះ ដោយចូលហូបក្នុងកញ្ចុះលេខ៩ ។ បន្ទាប់ពីចូលក្នុងកញ្ចុះរួច ក្រុមនគរបាលទាំងនោះ បានហៅនារីក្នុងហាងឲ្យមកទទូលពួកគេ តែដោយមានភ្ញៀវនៅកញ្ចុះផ្សេងហៅ នារីទាំងនោះមុន ឃើញដូច្នោះស្រាប់តែមាននគរបាល៤ទៅ៥នាក់ បានដើរទៅមើលកញ្ចុះដែលភ្ញៀវផ្សេងចូល ហើយបាននិយាយទៅកាន់ភ្ញៀវទាំងនោះថា «ពួកហ្អែងមានជក់គ្រឿងញៀនអត់» ពេលនោះភ្ញៀវទាំងនោះឆ្លើយ «មិនបានជក់ទេ» ។ ពេលនោះពួកនគរបាលទាំងនោះនិយាយថា «បើមិនជក់ប្រយ័ត្នអញពិនិត្យទឹកនោម» ប៉ុន្តែ ត្រូវភ្ញៀវម្ខាងប្រាប់មកថា «ពិនិត្យៗ ទៅបើពួកយើងអត់ជក់ផង»។ ស្រាប់តែ ឮសូផ្ទុះអាវុធមួយគ្រាប់ នៅខាងមុខកញ្ចុះភ្ញៀវនោះ ហើយក៏ឃើញភ្ញៀវទាំងនោះរត់ចេញមកក្រៅ។
ម្ចាស់ហាងឈ្មោះ ណូ ភេទស្រី បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់មិនបាននៅក្នុងហាងនោះទេ ព្រោះជាប់កម្មវិធីខាងក្រៅ តែក្រោយពីផ្ទុះអាវុធមួយគ្រាប់ទើបគាត់មកដល់ ហើយរូបគាត់បានស្នើសុំឲ្យក្រុមនគរបាលទាំងនោះឈប់បាញ់ តែពួកគេ នៅតែបាញ់ដដែល រួចពួកគេក៏ចេញមកខាងមុខហាង ហើយបាញ់ជាច្រើនគ្រាប់ទៀត រួចបើកឡានទៅបាត់តែម្តង។
សាក្សីបានឲ្យដឹងថា ការបាញ់នេះគឺ មានសំបកគ្រាប់ ប្រហែលជាង១៣សំបក និងគ្រាប់បៀមមួយ ចំណែកកាំភ្លើងដែលបាញ់ជា កាំភ្លើងខ្លីម៉ាកឡុក និងK54។ ជនសង្ស័យដែលបាញ់បោះដោយសេរីឈ្មោះ ចាន់ វាសនា និងឈ្មោះ គូរ៉ូ ដែលជាមន្ត្រីនគរបាលសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ។
ករណីខាងលើនេះ ត្រួវបានមន្ត្រីអាវុធហត្ថខេត្តចុះទៅពិនិត្យកន្លែងបង្ក កាលពីវេលាម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី៣ ខែមីនា ព្រមទាំងប្រមូលវត្ថុតាង មកធ្វើកោសល្យវិច័យ និងស្រាវជ្រាវរកមុខសញ្ញាជនបាញ់បោះដោយសេរីនេះផងដែរ៕